(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានប្រាប់ទៅកាន់ប្រជាពលរដ្ឋបន្តមានជំនឿជឿជាក់លើ សម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ តាមរយៈការបោះឆ្នាតផ្តល់ឱកាសជូនគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកអភិវឌ្ឍនភាពរុងរឿង ស្មើមុខស្មើមាត់លើឆាកអន្តជាតិទាំងក្នុងតំបន់ និងទូទាំងសាកលលោក។

ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញដឹកនាំបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅឃុំដា ឃុំត្រមូង ឃុំមេមត់ ឃុំរូង ឃុំចាន់មូល ឃុំជាំ និងឃុំជាំក្រវៀន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណប្រជាជនកម្ពុជាមានភាពរឹងមាំ គឺដោយសារកម្លាំងសាមគ្គីភាពដ៏ស្អិតរមួតរបស់ថ្នាក់ដឹកនាំ និងប្រតិបត្តិករគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងការគាំទ្រលើសលប់ពីសំណាក់ប្រជាជនជាម្ចាស់ស្រុក ដែលបានបង្កឲ្យមានឱកាសបម្រើ កសាង និងអភិវឌ្ឍប្រទេសគ្រប់អាណត្តិកន្លងមក។ បន្តទៅមុខគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាអ្នកដឹកនាំផ្ទាល់ បានប្តេជ្ញាខិតខំប្រឹងប្រែងបង្កើតនូវសមិទ្ធផលវិជ្ជមាន ឲ្យបានច្រើនបន្ថែមទៀត ជាពិសេសការបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍឥតឈប់ឈរ សម្រាប់និរន្តរភាពយូរអង្វែងច្រើនជំនាន់តរៀងទៅ។

លោកបន្ដថា ក្នុងយុទ្ធនាឃោសនាសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ រយៈពេល១៤ ថ្ងៃនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស ក៏ដូចជាក្នុងស្រុកមេមត់ផ្ទាល់ បានធ្វើការអបអរសាទរនូវសមិទ្ធផលដែលសម្រេចបានរួមគ្នាក្នុងបុព្វហេតុជាតិ និងប្រជាជន ជាច្រើនសន្ធឹកសន្ធាប់ក្នុងរយៈកាល៤៣ឆ្នាំមកនេះ ជាពិសេសក្នុងដំណាក់កាល ដែលប្រទេសបានជួបនូវបញ្ហាលំបាកស្មុគ្រស្មាញបំផុត ជាអាទិ៍ ការរំដោះប្រជាជន និងប្រទសជាតិចេញពីការកាប់សំលាប់រង្គាលនៃរបបប៉ុលពត, ការនាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេស ដោយបានបញ្ចប់សង្គ្រាមរវាងជាតិខ្មែរ។

ដំណាក់កាលចុងក្រោយនេះ គឺបានការពារអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតនៃជំងឺដ៏កាចសាហាវកូវីដ-១៩ តាមរយៈការផ្តល់សេវាព្យាបាល និងការចាក់ថ្នាំវ៉ាក់សាំងការពារបានរហ័សទាន់ពេលវេលា។ សក្ខីភាពនៃសមិទ្ធផលដែលសម្រេចបានដ៏លើសលប់ទាំងនេះ សរបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ពិតជាបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងធនធាន ដោយមិនគិតពីអាយុជីវិត និងការលំបាក សំដៅធ្វើយ៉ាងណាអនុវត្តតួនាទី និងភារកិច្ច បម្រើជាតិ មាតុភូមិ និងប្រជាជនឲ្យបានសុខសាន្ត។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត សូមអរគុណគណៈកម្មាធិការគណបក្សខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងសាខាបក្សភូមិ ព្រមទាំងក្រុមការងារចុះមូលដ្ឋានគ្រប់យន្តការនៅទូទាំងប្រទេស ដែលបាននៅកៀកជិតស្និទ្ធបម្រើប្រជាជនដូចភ្លៀងរលឹម ដោយមិនគិតពីការនឿយហត់ និងលះបង់គ្រប់បែបយ៉ាង ដើម្បីផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមជូនប្រជាពលរដ្ឋតាមមូលដ្ឋាន រហូតទទួលបាននូវទំនុកចិត្តដ៏លើសលប់ក្នុងគ្រប់អាណត្តិនៃការបោះឆ្នោតកន្លងមក៕