(បន្ទាយមានជ័យ)៖ លោក សេរី កុសល តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិក-សមាជិកា ជាង២,០០០នាក់ ដង្ហែបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ការដឹកនាំសមាជិក-សមាជិកា ដង្ហែក្បួនបិទយុទ្ធនាការ ឃោសនាបោះឆ្នោត នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ របស់លោក សេរី កុសល ខាងលើនេះ គឺតំណាងឲ្យលោក កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោក សេរី កុសល បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងសមាជិកបក្សទាំងអស់ ត្រៀមលក្ខណៈសម្បត្តិ ដូចជាអត្តសញ្ញាណបណ្ណ ឬឯកសារលិខិតបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ដើម្បីទៅបោះឆ្នោតនៅតាមការិយាល័យរបស់ខ្លួន និងបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ នាថ្ងៃអាទិត្យ ទី០៥ ឆ្នាំ២០២២ ឲ្យបានគ្រប់គ្នា។

លោក សេរី កុសល ក៏បានឆ្លៀតរំលឹកពីគុណតម្លៃ របស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលធំៗជាច្រើន កើតចេញពីការដឹកនាំរបស់រាជរដ្ឋាភិបាល និងមេឃុំ ចៅសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិកន្លងទៅ ក៏ដូចជាចាប់តាំងពីការរំដោះប្រទេសចេញ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ក្រៅតែពីលើកបង្ហាញ នូវសមិទ្ធផលធំៗរបស់ជាតិ ដែលសម្រេចបានហើយនោះ លោកក៏បានឆ្លៀតគូសរំលេច នូវសមិទ្ធផលដ៏ធំនាពេលថ្មីៗ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារ សុខភាពរបស់ប្រជាពលរដ្ឋ ពីការរាតត្បាតជំងឺកូវីដ១៩ ដោយរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ហើយនាំឲ្យមានការវាយតម្លៃ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

គូសបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕