(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ សមាជិក សមាជិកាបក្ស និងអ្នកគាំទ្រដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។

នៅក្នុងឱកាសនេះ លោក ប៉ែន កុសល្យ បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេច លោកស្រីជាអនុប្រធានគណបក្សទាំងអស់ ផ្ញើជូនសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យ សូមមានសុភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ពិសេសជោគជ័យសម្រាប់គណបក្សប្រជាជនកម្ពុជា ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ខាងមុខនេះ។

លោក ប៉ែន កុសល្យ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានដឹកនាំប្រទេសអស់រយៈពេលជាង៤០ឆ្នាំកន្លងមកហើយ ពោលគឺចាប់តាំងពីថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ មកម្លេះ ហើយការដឹកនាំដ៍យូរអង្វែងនេះ គឺដោយសារតែមានការជឿទុកចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់ពេលបច្ចុប្បន្ននេះ ដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ។

បន្ថែមពីនេះ លោក ប៉ែន កុសល្យ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល នៅតាមការិយាល័យដែលបងប្អូនបានចុះឈ្មោះ និងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យប្រទេសជាតិ និងភូមិ ឃុំ សង្កាត់ របស់យើង កាន់តែអភិវឌ្ឍន៍រីកចម្រើនថែមទៀត មានគណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍ៕