(កំពង់ចាម)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូនៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានកើតឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បណ្តាលឱ្យបុរសម្នាក់ស្លាប់ ពេលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ នេះបើយោងតាមរបាយការណ៍ស្នងការនគរបាលខេត្តកំពងចាម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ជនរងគ្រោះដែលស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ជាអ្នកគាំទ្របក្សភ្លើងទៀន ហើយបានជួបគ្រោះអកុសលបែបនេះ ពេលដែលរូបគាត់ទើបត្រឡប់មកពីចូលរួមដង្ហែបក្ស នៅថ្ងៃបិទយុទ្ធនាការឃោសនារកសម្លេងឆ្នោត។

របាយការណ៍ដដែលបានបញ្ជាក់ថា ដោយរថយន្តម៉ាកតូយូតា (កូឡា) ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2M-2631 បើកបរដោយឈោ្មះ ម៉ាត់ សុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានទិសដៅពីលិចទៅកើត បានបុកប៉ះជាមួយម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1D-0574 បើកបរដោយឈ្មោះ ប៊ុត ញ៉ ភេទប្រុស អាយុ៦៥ឆ្នាំ (មិនពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិអង្គរជ័យ ឃុំមហាខូង ស្រុកកោះសូទិន ខេត្តកំពង់ចាម មានទិសដៅពីកើតទៅលិចច្រាសទិសគ្នា។

មូលហេតុអ្នកបើកបររថយន្តមិនប្រកាន់ស្តាំ និងអ្នកបើកម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1D-0574 ប្រើប្រាស់ល្បឿនលឿន។

រីឯវត្ថុតាងទាំង២គ្រឿង បានយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម (អ្នកបើកបរម៉ូតូ ស្លៀកសំលៀកបំពាក់គណបក្សភ្លើងទៀន) បើកបរតែម្នាក់ឯង មិនមែនហែហមក្បួនទេ ចំណែកអ្នកបើកបររថយន្ត ត្រូវបាននាំមកអធិការដ្ឋាននគរបាលស្រុក និងបានធ្វើតេស្តសារធាតុញៀនលទ្ធផល (អវិជ្ជមាន)។ ចំពោះករណីនេះជំនាញកំពុងសាកសួរអ្នកបើកបររថយន្ត ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕