(ព្រៃវែង)៖ លោក ជា សុគន្ធា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារស្រុកកំពង់ត្របែក និងជាប្រធានក្រុមការងារឃុំថ្កូវ បានដឹកនាំសមាជិក សមាជិកា និងអ្នកគាំទ្រ ប្រមាណជាង១,០០០នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ថ្លែងក្នុងឱកាសនោះ លោក ជា សុគន្ធា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តពង្រឹងសន្តិភាពស្ថេរភាពនយោបាយ ការឯកភាពជាតិ និងឯកភាពទឹកដី ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិ មាតុភូមិ កើតចេញពីស្នាដៃខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា។

លោកបន្ដថា គណបក្សប្រកាន់ ខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួម សុខ រួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើ ពលិកម្មឥតរុញរា ដើម្បីប្រទេសកម្ពុជាមាន ឯករាជ្យ សន្តិភាព សេរីភាពប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ជាពិសេសក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រមុខដឹកនាំ។

លោក ជា សុគន្ធា បានអះអាងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយតែមួយគត់ ដែលអាចធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រជា ពលរដ្ឋនៅមូលដ្ឋានភូមិ ឃុំ សំដៅធានាឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅ និងទទួល សេវាសាធារណៈពីឃុំ សង្កាត់កាន់តែប្រសើរ កាន់តែឆាប់រហ័ស និងកាន់តែឆ្លើយតប ទៅនឹងសេចក្តីត្រូវការជាក់ស្ដែងនៅមូលដ្ឋាន។

គូសបញ្ជាក់ថា សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ រយៈពេល១៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងឡើយ៕