(ភ្នំពេញ)៖ កម្ពុជាបានរកឃើញករណីសង្ស័យជំងឺអុតស្វាលើមនុស្ស៦នាក់ ហើយបានធ្វើតេស្ដយកទៅមន្ទីរពិសោធន៍ លទ្ធផលបង្ហាញថា «អវិជ្ជមាន»។ នេះបើតាមការឲ្យដឹងថា លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២។

លោក លី សូវ៉ាន់ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងរកឃើញករណីសង្ស័យ ចំនួន៦នាក់ មិនមែនបញ្ជាក់ជំងឺអុតស្វានោះទេ។ ក្នុងនោះ៥នាក់ជាមនុស្សធំ និងម្នាក់ជាកូនក្មេង។ ប៉ុន្ដែលទ្ធផលធ្វើតេស្ដនៅមន្ទីរពិសោធន៍បញ្ជាក់ថា អវិជ្ជមាន»

លោកបន្ដថា ករណីដែលសង្ស័យនេះ មិនមែនជាករណីនាំចូលនោះទេ ពោលរកឃើញប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកតែម្ដង ហើយពួកគាត់មិនមានប្រវត្តិធ្វើដំណើរចេញទៅក្រៅប្រទេសនោះឡើយ។ ពួកគាត់ទាំង៦នាក់នោះ បានចេញរោគសញ្ញាសង្ស័យ ដូចជា កន្ទួល ពងបែកនៅលើស្បែក បាតដៃ បាតជើង និងលើមុខជាដើម ក្នុងនោះក៏មានគ្រុនក្ដៅ ឡើងកូនកណ្ដុរ ឈឺខ្នង ឈឺសាច់ដុំ។

បើទោះបីលទ្ធផលសង្ស័យដំបូង «អវិជ្ជមាន» ក៏ពិតមែន ប៉ុន្ដែលោក លី សូវ៉ាន់ បានអះអាងថា មន្ដ្រីសុខាភិបាលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើអ្នកដំណើរដែលចូលមកប្រទេសកម្ពុជាទាំងអស់ ជាពិសេសអ្នកដែលមកពីប្រទេសដែលកំពុងរាតត្បាត ក្នុងនោះរួមមាន អាហ្វ្រិក អឺរ៉ុប និងកាណាដាជាដើម។

លោកអះអាងបែបនេះ «យើងនៅបន្ដពង្រឹងបន្ដទៀត ក្នុងការតាមដាននេះ ជាពិសេសអ្នកធ្វើដំណើរមកពីស្រុកក្រៅ។ ហើយបើពួកគាត់មានរោគសញ្ញាសង្ស័យ សូមទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យដែលនៅជិតបំផុត ឬទូរស័ព្ទលេខ ១១៥»

មន្ដ្រីជំនាញសុខាភិបាលរូបនេះ បានពន្យល់ថា ជំងឺអុតស្វានេះ គឺប្រភពចម្លងមកពីសត្វព្រៃ ពិសេសករណីត្រូវបានរកឃើញជាប្រចាំនៅអាហ្វ្រិក ប៉ុន្ដែក្រោយមកបានឆ្លងរីករាលដាលទៅកាន់ប៉ែកអឺរ៉ុប ហើយឆ្លងសហគមន៍តែម្ដង។ ក្នុងន័យនេះ លោក លី សូវ៉ាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋកុំប៉ះពាល់ ឬបរបាញ់សត្វព្រៃ ដើម្បីយកមកទទួលទាន ជៀសវាងការចម្លងជំងឺទាំងឡាយដែលអាចកើតមាន៕