(សៀមរាប)៖ លោក ប្រាក់ សុទ្ធ ក្រុមការងារចុះជួយឃុំរំចេក និងលោកស្រីតំណាងលោក សែម សុវណ្ណនី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះជួយភូមិ បេក្ខជនក្រុមប្រឹក្សាសង្កាត់ សាខាបក្សភូមិ ចុះផ្សព្វផ្សាយគោលនយោបាយគណបក្ស បង្រៀនពីរបៀបគូសសន្លឹកឆ្នោត និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះក្នុងឃុំរំចេក។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រុមការងារចុះមូលដ្ឋានស្រុក ឃុំ ភូមិ មួយចំនួនផងដែរ។

នាឱកាសចុះផ្សព្វផ្សាយគោលនយោបាយបក្ស និងរបៀបគូសសន្លឹកឆ្នោតជាមួយប្រជាពលរដ្ឋនៅតាមផ្ទះ, លោក ប្រាក់ សុទ្ធ បានសុំការគាំទ្របន្ថែមពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចំពោះ បេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍកសាងសមិទ្ធផលនានាបន្ថែមទៅលើសមិទ្ធផលជាច្រើនរាប់មិនអស់ របស់គណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានោះ ប្រធានក្រុមការងារចុះជួយឃុំរំចេក ក៏បានរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបកាប់សម្លាប់ដែលដឹកនាំដោយបនប្រល័យពូជសាសន៍ ប៉ុល ពត។

លោកក៏បានបង្ហាញពីគូណសម្បត្តិរបស់សម្តេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថា «ការដឹកនាំប្រកបដោយភាពឆ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំប្រទេសកម្ពុជា តាំងពីបាតដៃទទេ រហូតមកដល់មានការអភិវឌ្ឍគ្រប់ទីកន្លែង ទូទាំងប្រទេស និងមានមុខមាត់កិត្តិស័ព្ទស្មើមុខ ស្មើមាត់ជាមួយប្រទេសផ្សេងៗលើពិភពលោក»។

លោកបានបន្តថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានឹងបន្តសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កែប្រែស្ថានភាពកម្ពុជាពីប្រទេសមួយក្នុងចំណោម ប្រទេសក្រីក្របំផុតក្នុងពិភពលោក មកជាប្រទេសមានចំណូលមធ្យម កម្រិតទាប គឺជាសមិទ្ធផលដែលបានមកពីការអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយកែ ទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងទូលំទូលាយលើមូលដ្ឋាននៃការពង្រឹងអភិបាលកិច្ចល្អនៅគ្រប់ថ្នាក់ និងគ្រប់ផ្នែក៕