(ភ្នំពេញ)៖ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ បានដាក់ពាក្យសុំឲ្យប្រធានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតសម្តេចតេជោ មកថ្ងៃខែឆ្នាំពិតប្រាដកវិញ គឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។ នេះបើតាមពាក្យសុំរបស់លោក គី តិច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

មេធាវីសម្តេចតេជោ ហ៊ុន សែន ដាក់ពាក្យសុំឲ្យសាលាដំបូងរាជធានីភ្នំពេញ សំណើសុំឱ្យតុលាការចេញដីកាសម្រេចចំនួន២ចំណុច ដូចជា៖

១៖ កែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន ថ្ងៃ-ខែ-ឆ្នាំកំណើត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃខែឆ្នាំពិតប្រាកដ ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញ ។

២៖ បង្គាប់ឱ្យមន្ត្រីអត្រានុកូលដ្ឋាន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន និងឯកសារពាក់ព័ន្ធ ស្របតាមខ្លឹមសារដូចបានស្នើសុំក្នុងចំណុចទី១ ខាងលើនេះ ។

លោក គី តិច បានលើកឡើងក្នុងពាក្យសុំយ៉ាងដូច្នេះថា «កន្លងមកការប្រើប្រាស់ថ្ងៃ-ខែ-ឆ្នាំកំណើត របស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងឯកសារអត្រានុកូលដ្ឋាន និងឯកសារសម្គាល់អត្តសញ្ញាណ មានជាអាទិ៍ សំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន និងឯកសារផ្សេងៗទៀត បានដាក់កាលបរិច្ឆេទកំណើតរបស់សម្ដេចតេជោ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ដែលមិនមែនជាថ្ងៃ-ខែ-ឆ្នាំកំណើតពិត របស់សម្ដេចតេជោឡើយ។ ថ្ងៃ-ខែ-ឆ្នាំកំណើតដែលពិតប្រាកដរបស់ សម្តេចតេជោ ហ៊ុន សែន គឺថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២»។

ជាមួយគ្នាលោកមេធាវីបានបញ្ជាក់ពីមូលហេតុ នៃការសុំកែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់សម្តេចតេជោថា ដោយសារបច្ចុប្បន្ននៅក្នុងឯកសារអត្រានុកូលដ្ឋាន និងឯកសារសម្គាល់អត្តសញ្ញាណនានារបស់សម្តេចតេជោ ហ៊ុន សែន ពុំបានកំណត់អំពីកាលបរិច្ឆេទកំណើតពិតប្រាកដរបស់ សម្ដេចតេជោនោះទេ។ ការណ៍នេះ បាននាំឱ្យមានការភាន់ច្រឡំ ជាអាទិ៍ ពីឥស្សរជនជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ និងមហាជនទូទៅ ដែលបានផ្ញើសារលិខិតជូនពរ ថ្ងៃចម្រើនជន្មាយុរបស់សម្ដេចតេជោ ដល់ទៅពីរដងក្នុងមួយឆ្នាំ។ តាមការបញ្ជាក់របស់ សម្ដេចតេជោថ្ងៃកំណើតពិត គឺថ្ងៃទី ០៥ ខែសីហា ឆ្នាំ១៩៥២។

លោកបញ្ជាក់បន្ថែមទៀតថា នៅក្នុងសម័យកាលសង្គ្រាម និងរបបប្រល័យពូជសាសន៍ អំឡុងពេលចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ រាល់ឯកសារពាក់ព័ន្ធត្រូវបានរងការបំផ្លិចបំផ្លាញបាត់បង់ស្ទើរគ្មានសេសសល់។ នៅក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដោយសារការបាត់បង់ឯកសារពាក់ព័ន្ធនានាទាំងអស់ ទើបធ្វើឱ្យការកំណត់ព័ត៌មានអត្តសញ្ញាណរបស់ប្រជាពលរដ្ឋជាច្រើនលើសលប់ ដែលក្នុងនោះរួមទាំង សម្ដេចតេជោផងដែរ គឺពុំមានការចងចាំ ប្រាកដប្រជា អំពីថ្ងៃ-ខែ-ឆ្នាំកំណើតបានឡើយ។ ដូច្នេះលោកមេធាវី គោរពស្នើសុំលោកប្រធានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតសម្តេចតេជោ មកថ្ងៃខែឆ្នាំពិតប្រាដក គឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២វិញ៕