(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ លោក សុន ឆ័យ តំណាងគណបក្សភ្លើងទៀន ដែលបានថ្លែងក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

តាមសេចក្តីសេចក្តីបំភ្លឺរបស់ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ រួមមាន៖

ទី១៖ លោក សុន ឆ័យ តំណាងគណបក្សភ្លើងទៀន បានលើកឡើងថា «…ឱ្យតែគណបក្សភ្លើងទៀន និយាយអី មានចំណុចអីហ្នឹង គឺគាត់សហការគ្នាល្អណាស់រវាងគណបក្សគាត់ ហើយនិង គ.ជ.ប ដូចជាត្រូវរូវគ្នាចិត្តមួយថ្លើមមួយតែហ្មង ប្តឹងនេះមិនចេះឈប់ មិនចេះហើយហ្មង...»។

គ.ជ.ប បានបញ្ជាក់ថា ការថ្លែងបែបនេះគឺមិនឆ្លុះបញ្ជាំងពីការពិតទេ ហើយផ្ទុយពីជំហររបស់ គ.ជ.ប ដែលប្រកាន់ខ្ជាប់គោលការណ៍ស្មើភាព និងឥតលម្អៀងជាមួយគ្រប់គណបក្សនយោបាយទោះបីគណបក្សតូច ឬធំក្តី។

គ.ជ.ប មានយន្តការដោះស្រាយបណ្តឹងជាបីថ្នាក់ គឺនៅថ្នាក់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ គិតត្រឹមថ្ងៃនេះ សម្រាប់ការឃោសនាបោះឆ្នោតចាប់តាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ គ.ជ.ប បានទទួលបណ្តឹងសរុបចំនួន ៥០បណ្តឹង ពីតំណាងគណបក្សនយោបាយ និងប្រជាពលរដ្ឋ។

ទី២៖ លោក សុន ឆ័យ បានលើកឡើងទៀតថា «ឱ្យមន្រ្តីការិយាល័យបោះឆ្នោតនៅក្នុងរាជធានី នៅក្នុងសង្កាត់បី បើតាមខ្ញុំដឹងដែលយើងឃើញលិខិតនោះ ប៉ុន្តែខ្ញុំបានប្រកាសហើយប្រកាសទៀតថា ដូចជាមិនមែនទេ យើងបានផ្ញើទៅ គ.ជ.ប ឱ្យអង្កេតមើល តើលិខិតហ្នឹងមែន ឬមិនមែន? ពីព្រោះគណបក្សមិនអាចហៅមន្រ្តី គ.ជ.ប ឱ្យមកទទួលការណែនាំទេ...»។

ចំពោះចំណុចនេះ គ.ជ.ប បានទទួលលិខិតរបស់គណបក្សភ្លើងទៀន កាលពី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ហើយ គ.ជ.ប បានឆ្លើយបំភ្លឺតាមរយៈលិខិតលេខ ០៧១ គ.ជ.ប.អគ្គ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ដែលក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប សូមដកស្រង់ថា «កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ពុំមានករណីបើកវគ្គបំពាក់បំប៉នមន្រ្តីការិយាល័យ បោះឆ្នោតដោយគណបក្សនយោបាយណាមួយ ដូចការលើកឡើងរបស់គណបក្សភ្លើងទៀននោះទេ ដោយហេតុថា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ គ.ជ.ប មិនទាន់បានជ្រើសរើស និងតែងតាំងសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) ណាមួយនៅឡើយទេ។ ផ្អែកតាមប្រតិទិនការងាររបស់ គ.ជ.ប ការប្រលងជ្រើសរើសសមាសភាព គ.ក.ប សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ គឺត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២»។

ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប សូមជម្រាបជូនថា ក្នុងក្របខ័ណ្ឌទូទាំងប្រទេសកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ទាំង ១,៦៥២ បានធ្វើការប្រលងជ្រើសរើសមន្រ្តីការិយាល័យបោះឆ្នោតក្នុងមុខតំណែងជាប្រធាន អនុប្រធាន លេខាធិការ និងសមាជិកទី១ ទី២ និងទី៣ ក្នុងមួយការិយាល័យចំនួន ៦នាក់ សរុបចំនួន ១៤១,៦១២នាក់ សម្រាប់ការិយាល័យសរុបទូទាំងប្រទេសចំនួន ២៣,៦០២ការិយាល័យ ហើយមន្ត្រីការិយាល័យបោះឆ្នោតដែលបានជ្រើសរើសខាងលើ ត្រូវធ្វើការបណ្ដុះបណ្ដាលនៅថ្ងៃទី៣ និងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីបំពេញការងារបោះឆ្នោត នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕