(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿង ចំនួន ២ មានលេខ ១៤៨ និងលេខ ១៤៩ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ២:០០នាទីរសៀល នៅទីស្ដីការ គ.ជ.ប។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន, លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។

សូមជម្រាបជូនថា ពាក្យបណ្ដឹងទាំង២ខាងលើនេះមានកម្មវត្ថុប្ដឹងតវ៉ា និងប្ដឹងជំទាស់នឹងសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ពាក់ព័ន្ធនឹងសកម្មភាពរបស់បេក្ខជននៃគណបក្សភ្លើងទៀន ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកកងមាស ខេត្តកំពង់ចាម៕