(ភ្នំពេញ)៖ នៅព្រលប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ ហ្វេសបុកឈ្មោះ «Khmer Overseas» បានទម្លាយរូបភាពជាច្រើនសន្លឹក ដែលលោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ បានលួចជួបស្ងាត់ៗជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ហ៊ុន ម៉ាណែត នៅទីក្រុងប្រ៊ុយសែល ប្រទេសប៊ែលហ្សិក។

ហ្វេសបុកនេះបានរៀបរាប់ទាំងស្រុងថា៖

Brussels ថ្ងៃទី01/06/2022

ព្រឹកមិញ ខ្ញុំបើកស្តាប់វិទ្យុអាមេរីកនិយាយភាសាខ្មែរហើយចង់តែសើចព្រោះអ្នកនយោបាយ និងអ្នកគាំទ្របក្ស នយោបាយនានា ចេះតែភ្លេចសម្តីមួយឃ្លារបស់ លោកនាយករដ្ធមន្ត្រី ហ៊ុន សែន ដែលគាត់តែងតែរំលឹកដាស់តឿនជារឿយៗ នោះគឺ «មេមាន់បណ្តើរកូនទា»

បើតាមការនិយាយរបស់ លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ អំពីមូលហេតុដែល គាត់ធ្វើពហិកាមិនចូលរួមបោះឆ្នោតឃុំ-សង្កាត់នៅថ្ងៃ ទី៥ មិថុនា ២០២២ ខាងមុខនេះ គឺគាត់បានចោទប្រកាន់គ្រប់បែបយ៉ាងមកលើរដ្ឋាភិបាលភ្នំពេញ ជាពិសេស គឺការទិតៀនមកលើលោក ហ៊ុន សែន ថាជាជនផ្តាច់ការបិទសិទ្ធិ សេរីភាព ។ល។ ប៉ុន្តែមានរឿងមួយដែលគ្មានអ្នកណាដឹងទេថា «តើមានអ្វីនៅពីក្រោយឆាកនោះ?» ខ្ញុំសូមការអភ័យទោស និងការយោគយល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ក្នុងការបញ្ចេញនូវរូបថតមួយចំនួនដែល «លោក ក្រវ៉ាញ ដារ៉ន បានមក លួចជួបស្ងាត់ៗជាមួយ លោក ហ៊ុន សែន និងជាមួយលោក ហ៊ុន ម៉ាណែត» នៅ ព្រុចសែល ឆ្នាំ ២០១៨ ក្នុងឱកាសដែល លោក ហ៊ុន សែន មកចូលរួមក្នុងវេទិកា អាស៊ី-អឺរ៉ុប។

«តើដឹងទេថាពេលពួកគាត់ជួបគ្នា ពួកគេនិយាយអ្វីខ្លះ? តើក្រវ៉ាញ ដារ៉ន ជាអ្នកណា? សូមមើលរូបថតទាំងនេះ ហើយសូមគិតដល់ពាក្យរបស់លោក ហ៊ុន សែន «មេមាន់បណ្តើរកូនទា» ! «L’arbre n’est point jugé sur son écorce mais sur ces fruits»