(បាត់ដំបង)៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង២ខ្សែ គឺផ្លូវលេខ៥១៧ និងផ្លូវលេខ៥២០ ប្រវែងសរុប៤,១៦០

ម៉ែត្រ និងទទឹង១០ម៉ែត្រ នៅសង្កាត់ចំនួន៤ គឺសង្កាត់ស្វាយប៉ោ សង្កាត់ចំការសំរោង សង្កាត់ស្លាកែត និងសង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោក សុខ លូ បានលើកឡើងថា ការបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូនាពេលនេះ គឺដើម្បីបំពេញតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋ តបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមឃុំសង្កាត់នានា ក្នុងក្រុងបាត់ដំបង និងខេត្តបាត់ដំបង អត់ធ្មត់រង់ចាំសមិទ្ធផលថ្មីៗជាច្រើន ដែលរដ្ឋបាលខេត្តបាត់ដំបងនឹងធ្វើការសាងសង់ និងជួសជុលជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀតទៅតាមផែនការរបស់រដ្ឋបាលខេត្តបាត់ដំបង។

លោកអភិបាលខេត្ត បានបន្តថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា គឺកើតចេញពីសុខសន្ដិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលសម្ដេចខិតខំប្រឹងប្រែងរកគ្រប់មធ្យោបាយ ស្វែងរកសន្ដិភាពជូនប្រជាពលរដ្ឋ និងធ្វើការអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ និងជាពិសេសខេត្តបាត់ដំបង ក្រោមការចង្អុលបង្ហាញពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ដែលសម្ដេចខិតខំប្រឹងប្រែងកសាងសាលារៀន អនុវិទ្យាល័យ វិទ្យាល័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម ជូនប្រជាពលរដ្ឋខេត្តបាត់ដំបង ហើយបើសិនជាប្រជាពលរដ្ឋ រក្សាទុកនូវសន្ដិភាព នេះបាន ប្រទេសកម្ពុជានឹងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ឬប្រទេសជឿនលឿន។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ សម្រាប់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ សូមប្រជាពលរដ្ឋចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នាសម្រាប់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងត្រូវមានឯកសារគ្រប់គ្រាន់ ដូចជា៖ អត្តសញ្ញាណបណ្ណជាដើម សម្រាប់ថ្ងៃបោះឆ្នោតនាថ្ងៃទី០៥ ខែមិថុនា វេលាម៉ោង ៧ព្រឹក ដល់ម៉ោង៣រសៀល រយៈពេលមួយថ្ងៃ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋគំរូសម្រាប់ប្រទេសជាតិ ហើយបើសិនបាត់អត្តសញ្ញាណប័ណ្ណសូមរាយការណ៍ទៅភូមិឃុំសង្កាត់ដែលប្រជាពលរដ្ឋរស់នៅដើម្បីធ្វើឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ ដើម្បីមានសិទ្ធិក្នុងការបោះឆ្នោតខាងមុខនេះ។

លោកបានណែនាំដល់ប្រជាពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ ឬដូសជំរុញ សូមរួសរាន់ចាក់នៅតាមមណ្ឌលចាក់វ៉ាក់សាំងកូវីដ១៩ ដែលរដ្ឋបាលក្រុង ស្រុកបានរៀបចំ ចំណែកប្រជាពលរដ្ឋដែលចាក់ដូសទី៣
រួចរាល់បន្ទាប់ពី៣-៤ខែ ក៏អាចបន្តចាក់ដូសទី៤បន្តបន្ទាប់ទៀត។

ចាប់ពីថ្ងៃទី៩ ខែមិថុនានេះ ខេត្តយើងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥បន្តទៀតជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តផងដែរ សូមអញ្ជើញទៅចាក់វ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩ នេះដល់យើងគ្រប់គ្នាទៀតហើយ៕