(កំពង់ឆ្នាំង)៖ បន្ទាប់ពីមានបទបញ្ជាពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យដីតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង បន្ទាប់ពីចុះទៅខេត្តបាត់ដំបង ពោធិសាត់កាលពីថ្ងៃទី ២៧ និង២៨ ខែឧសភា កន្លងមក។

កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសកាត់ឆ្វៀលដីអភិរក្សបឹងទន្លេសាបចេញពីតំបន់៣ និងតំបន់២ ជូនទៅប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្តែងចាប់ពី១០ឆ្នាំឡើងទៅ ឬអាចក្រោម១០ឆ្នាំ ចំពោះដីមិនមែនជាដីព្រៃលិចទឹក ហើយគោករាក់មិនអាចស្តាបាន។ សម្តេចក៏បានបញ្ជាឱ្យ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ត្រួតពិនិត្យចំពោះការឆ្វៀលដីជូនប្រជាពលរដ្ឋនៅតំបន់ទាំងនេះ។

ការចុះត្រួតពិនិត្យដីតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប នៅខេត្តកពង់ឆ្នាំងនេះ មានការចូលរួមពី លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយមន្ត្រីអាជ្ញាធរពាក់ព័ន្ធផងដែរ។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងនៅ៣ទីតាំង ក្នុងនោះមាន៖ ទីតាំងទី១៖ ភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ស្ថិតក្នុងតំបន់៣។ ទីតាំងទី២៖ ភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ស្ថិតក្នុងតំបន់៣។ បន្ទាប់ពីចុះពិនិត្យទីតាំង លោកឧបនាយករដ្ឋមន្រ្តីបានដឹកនាំកិច្ចប្រជុំពិភាក្សាកិច្ចការនេះ នៅសាលាខេត្តំកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរស់នៅ និងអាស្រ័យផលនៅលើដីទាំងនោះផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា បានបែងចែកដីបឹងទន្លេសាបជា៣តំបន់ ដើម្បីបង្កភាពងាយស្រួលដល់ការគ្រប់គ្រង។ ក្នុងនោះដីតំបន់៣ ជាដីដែលមិនអាចអាស្រ័យផល និងមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិបានឡើយ, តំបន់២ ជាដីដែលអាចអាស្រ័យផល តែមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិ និងតំបន់១ ជាដីដែលអាចអាស្រ័យផល និងអាចធ្វើជាម្ចាស់កម្មសិទ្ធិបានផងដែរ។

ក្នុងសារពិសេសស្តីពីការគ្រប់គ្រងដីបឹងទន្លេសាប កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ការងារគ្រប់គ្រងបឹងទន្លេសាប ត្រូវគិតទៅលើការងារពីរសំខាន់ គឺការអភិរក្ស និងការគិតគូរដល់ការរស់នៅ និងអាស្រ័យផលរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ចង់បញ្ជាក់ថា សម្រាប់ដីដែលប្រជាពលរដ្ឋបានអាស្រ័យផល និងបានរស់នៅយូរលង់ណាស់មកហើយ ទោះបីស្ថិតនៅក្នុងតំបន់អភិរក្សជាតំបន់២ និងតំបន់៣ ត្រូវកាត់ឆ្វៀលជូនប្រជាពលរដ្ឋ៕