(កំពង់ឆ្នាំង)៖ លោកស្រី សឿ សុជាតា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបរិបូណ៍ និងក្រុងកំពង់ឆ្នាំង នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ បានចុះជួបសួរសុខទុក្ខ និងចែកខិត្តបណ្ណជូនប្រជាពលរដ្ឋ នៅតាមផ្ទះ នៅឃុំត្រពាំងចាន់ និងសង្កាត់កំពង់ឆ្នាំង នៃថ្ងៃទី១២ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

នៅក្នុងដំណើរចុះជួបសួរសុខទុក្ខនេះ លោកស្រី សឿ សុជាតា បានឱ្យដឹងថា ប្រជាពលរដ្ឋនៅឃុំ និងសង្កាត់ទាំងពីរ មានទឹកចិត្តសប្បាយរីករាយចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសជាតិ ឱ្យមានសុខសន្តិភាព មានហេដ្ឋារវចនាសម្ព័ន្ធ ផ្តល់ឱ្យពួកគាត់ មានឱកាស និងពេលវេលាគ្រប់គ្រាន់ ក្នុងប្រកបរបរចិញ្ចឹមជិវិត និងចូលរួមអភិវឌ្ឍន៍មូលដ្ឋានរបស់គាត់បានរីកចម្រើន។

លោកស្រី សឿ សុជាតា បានបន្តថា ក្រុមការងារ នៃក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងប្រជាជននៅក្នុងភូមិកណ្តាល និងភូមិសន្លុង បានចុះទៅពិនិត្យទីកន្លែងដី ដែលសប្បុរសជន និងក្រុមការងារបានប្រគល់ជូនភូមិទាំង២ ដើម្បីសហការគ្នាសាងសង់ អគារសិក្សា១ខ្នង មាន២បន្ទប់ បម្រើផ្នែកមត្តេយ្យសិក្សាសហគមន៍ ដែលជាជំនួយរបស់លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ខូ អិល ធី ឌី និងសហការី។

បន្ថែមពីនេះ លោកស្រីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឃុំត្រពាំងចាន់ ក្នុងលំដាប់លេខរៀងទី៣ និងសង្កាត់កំពង់ឆ្នាំង មានលំដាប់លេខរៀងទី៥ មានរូបទេវតាបាចផ្កាជាសម្គាល់។

លោកស្រី សឿ សុជាតា បានរំឮកដល់ប្រជាពលរដ្ឋថា ពេលទៅបោះឆ្នោតសូមកុំភ្លេចយកភ្ជាប់ជាមួយខ្លួននូវឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឯកសារបញ្ជាក់អត្តសញ្ញាណ ដែលបម្រើឱ្យការបោះឆ្នោត ពិនិត្យមើលឈ្មោះការិយាល័យបោះឆ្នោត ឈ្មោះខ្លួន និងត្រូវគូសក្នុងប្រអប់ឱ្យបានត្រឹមត្រូវ៕