(ស្វាយរៀង)៖ មានសត្វគោក្របីឈឺ និងងាប់ជាបន្តបន្ទាប់រយ:ពេល១ខែចុងក្រោយនេះ ធ្វើឲ្យប្រជាពលរដ្ឋអ្នកចិញ្ចឹមសត្វគោក្របី មានការព្រួយបារម្ភយ៉ាងខ្លាំង។ បើតាមមន្ត្រីពេទ្យសត្វស្រុកចន្ទ្រា ខេត្តស្វាយរៀង បានឲ្យដឹងថា ដោយសារចំនួនសត្វគោក្របីផ្ទុះជំងឺ១ភូមិកើនដល់១១០ក្បាល និងងាប់១៩ក្បាល ទើបប្រជាកសិករសុំឲ្យមន្ត្រីជំនាញ ចុះជួយពួកគាត់ជាបន្ទាន់។

ជាក់ស្តែងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ និងនៅថ្ងៃទី១ ខែមិថុនា លោក សុខ ដារ៉ូ ប្រធានការិយាល័យអង្កេតតាមដានជំងឺឆ្លងសត្វ នៃនាយកដ្ឋានសុខភាពសត្វ និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ ក្រសួងកសិកម្ម បានដឹកនាំមន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តស្វាយរៀង ចុះពិនិត្យស្ថានភាពជំងឺសត្វ ណែនាំម្ចាស់សត្វ និងបាញ់ថ្នាំសម្លាប់មេរោគនៅភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដែឡមានសត្វគោក្របីឈឺសរុបចំនួន១១០ក្បាល (គោ៤៤ក្បាល ក្របី៥៤ក្បាល) និងងាប់១៩ក្បាល ហើយប៉ះពាល់លើប្រជាកសិករ១៧គ្រួសារ។

មន្ត្រីបន្តទៀតថា ក្រៅពីជួយព្យាបាលសត្វឈឺ ក្រុមការងារក៏បានផ្ដល់ថ្នាំសម្លាប់មេរោគដល់ភ្នាក់ងារសុខភាពសត្វភូមិ និងគ្រួសារកសិករដែលមានសត្វឈឺ និងយកវត្ថុវិភាគចំនួន២សំណាក (ដំបាសំបោ) និងសួតសត្វងាប់ ចំនួន២សំណាក ពិនិត្យរោគ និងវិនិច្ឆ័យ ហើយក្រុមការងារបានបាញ់ថ្នាំសម្លាប់មេរោគ និងចាក់ថ្នាំព្យាបាលជម្ងឺសត្វចែកថ្នាំសម្លាប់មេរោគ នៅតាមគ្រួសារចិញ្ចឹមសត្វដែលមានសត្វគោក្របីឈឺទាំងអស់៕