(កំពង់ធំ)៖ លោក ជា អឿង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បន្តដឹកនាំក្រុមការងារចុះជួយភូមិឃុំ និងបេក្ខជនក្រុមប្រឹក្សាឃុំ ចុះឃោសនារកសំលេងឆ្នោត និងផ្សព្វផ្សាយគោលនយោបាយបក្ស ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំចំនួន៣។

នាឱកាសនោះលោក ជា អឿង បានថ្លែងអំណរគុណចំពោះក្រុមការងារ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញការងារបម្រើ និងការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ជាពិសេសក្នុងរយៈពេល១២ថ្ងៃកន្លងមក ក្រោយពីការបើកយុទ្ធនាការបានធ្វើការផ្សព្វផ្សាយ និងចុះពន្យល់ប្រជាពលរដ្ឋពីគោលនយោបាយរបស់គណបក្ស និងការគូសសន្លឹកឆ្នោត។

លោកបានបញ្ជាក់ជូនប្រជាពលរដ្ឋឡើងវិញ ពីឆន្ទៈដ៏មុះមុត និងទឹកចិត្តជាប្រពៃណីរបស់គណបក្សប្រជាជនកម្ពុជា ដែលមិនចេះសន្យាប៉ុន្តែហ៊ានធ្វើពលីកម្មអ្វីៗទាំងអស់ ដើម្បីការរស់រានមានជីវិតឡើងវិញក្រោយការរំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, បានសង្គ្រោះប្រជាជនក្នុងការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ ហើយបានបន្តធ្វើការជាប់ជាប្រចាំ ដើម្បីត្រៀមការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងដំណាក់កាលទាំងអស់ នៃការប្រយុទ្ធនឹងជំងឺនេះ ព្រមទាំងការស្តារសេដ្ឋកិច្ចឡើងវិញ ជាមួយនិងការលើស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យទទួលបានការរីកចម្រើនដូចបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

បន្ថែមពីនេះ លោក ជា អឿង បានបន្តទៀតថា អ្វីដែលធ្វើឱ្យជឿជាក់មកលើគណបក្សប្រជាជន គឺទី១៖ បានរំដោះឱ្យរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍, ទី២៖ បានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃជូនប្រទេសជាតិទាំងមូល ដោយបានថែរក្សាសន្តិភាពដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសជាតិ និងប្រជាជាតិទាំងមូល ពិសេសធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍការលើគ្រប់វិស័យ និងធ្វើឱ្យជីវភាពប្រជាជនទាំងអស់មានការកើនឡើង ឱ្យស្របតាមសេដ្ឋកិច្ចរបស់ពិភពលោក។

ជាចុងក្រោយ លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់គ្នា នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ព្រមទាំងបានណែនាំទៅដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានទៅចូលរួមបោះឆ្នោត ត្រូវពិនិត្យឱ្យបានច្បាស់លាស់មុននឹងគូសសន្លឹកឆ្នោត ជាពិសេសលើឡូហ្ គោរបស់គណបក្សប្រជាជន ដែលមានសញ្ញាទេវតាបាយផ្កា ជាសញ្ញាសម្គាល់៕