(ព្រះវិហារ)៖ លោក ជូ តុងអាន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំជាំក្សាន្ត បានថ្លែងប្រាប់សមាជិកសមាជិកាគណបក្ស និងប្រជាពលរដ្ឋឃុំជាំក្សាន្តថា គុណសម្បត្តិធំធេងរបស់គណបក្សប្រជាជនកម្ពុជា គឺរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងរំដោះប្រជាពលរដ្ឋឱ្យរួចផុតពីជំងឺកូវីដ១៩។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសាមជិកសមាជិកា គណបក្សប្រជាជនកម្ពុជាជិត៥០០នាក់ នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ លោក ជូ តុងអាន ថា៖ «បើគ្មានគណបក្សប្រជាជនកម្ពុជា គ្មានសម្តេចតេជោ ហ៊ុន សែន ទេ យើងទាំងអស់គ្នាមិនមានថ្ងៃនេះទេ»។

លោក ជូ តុងអាន ថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «បើរបប ប៉ុល ពត នៅបន្តដឹកនាំប្រទេសមកដល់សព្វថ្ងៃ នេះតើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ប៉ុន្មាននាក់ទៀតដែលត្រូវយកទៅសម្លាប់ចោល? ហើយតើប្រទេសជាតិយើងមានការ រីកចម្រើនដូចសព្វថ្ងៃនេះទេ? ហើយចំពោះជំងឺកូវីដ១៩ ដែលប្រទេសមួយចំនួននៅលើពិភពលោកកំពុងតែប្រយុទ្ធប្រឆាំង និងមានមនុស្សឆ្លងមនុស្សស្លាប់ជាបន្តបន្ទាប់ បែរជាប្រទេសកម្ពុជាយើង លើកលែងការពាក់ម៉ាស់ និងបើកប្រទេសឡើងវិញគ្រប់វិស័យ តើមកពីអ្នកណា?»។

ការលើកឡើងតែ២ចំណុច ក្នុងចំណោមចំណុចជាច្រើនទៀតរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើបានកន្លងមក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្ស គឺដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋទាំងអស់ ដែលករណីនេះលោកអំពាវនាវដល់ប្រជាពលរដ្ឋយើង ត្រូវបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសជាបន្តទៅទៀត។

ជាមួយនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងមកដល់នៅថ្ងៃទី៥ខាមុខនេះ លោក ជូ តុងអាន បានណែនាំដល់សមាជិកសមាជិកាគណបក្សនិងប្រជាពលរដ្ឋ ត្រូវនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់ គណបក្សយើង ដើម្បីឱ្យភូមិឃុំយើង កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ពិសេសមិនត្រូវជឿតាមការដើរខ្សឹប ការសន្យាបោកប្រាស់របស់គណបក្ស នយោបាយមួយចំនួនទៀតឱ្យសោះ៕