(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកស្វែងរកសុខសន្តិភាពជូនប្រជាជន និងប្រទេសជាតិ ប៉ុន្តែភាពកក់ក្តៅជាអចិន្ត្រៃយ៍ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ នៅមូលដ្ឋានគឺជាភារកិច្ចនិងតួនាទីរបស់មេភូមិ មេឃុំ សង្កាត់ និងមេប៉ុស្តិ៍ជាអ្នកផ្តល់ឲ្យ។

លើកបញ្ជាក់បែបនេះ ខណ:លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្ត ចូលរួមជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពនៃបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី នៅភូមិព្រៃសំណាងក្រោម ឃុំខ្ចាយខាងជើង ស្រុកដងទង់ ខេត្តកំពត នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២។

លោក ម៉ៅ ធនិន បានថ្លែងថា «ប្រទេសកម្ពុជាយើង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន លោកតែងតែបានខិតខំ និងគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋជាងអាយុជីវិតរបស់ខ្លួន រហូតនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ ពេញផ្ទៃប្រទេស។ ទន្ទឹមនឹងមានសុខសន្តិភាពពេញផ្ទៃប្រទេសនេះ គឺប្រជាពលរដ្ឋ ក៏ត្រូវការជាចាំបាច់នូវភាពកក់ក្តៅក្នុងការទទួលយកសេវាផ្សេងៗពីអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានផងដែរ ដូច្នេះមេភូមិ មេឃុំ មេប៉ុស្តិ៍ត្រូវគិតគូរអំពីបញ្ហានេះ»

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីនៅពេលនេះ គឺជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។ លោក ម៉ៅ ធនិន ក៏បានស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធ ត្រូវសហការជាមួយប្រជាពលរដ្ឋឲ្យបានល្អ ក្នុងការបន្តនិតិវិធីចេញបណ្ណជូនពលរដ្ឋឲ្យបានឆាប់រហ័ស។

លោក ដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកំពត បានឲ្យដឹងថា ស្រុកដងទង់បានចាប់ផ្តើមដំណើរការចុះបញ្ជីលក្ខណៈជាប្រព័ន្ធនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១១ មកដល់បច្ចុប្បន្ន បានចុះបញ្ជីរួច៣៣ភូមិ បានត្រៀមរៀបចំបិទផ្សាយទិន្នន័យជាសាធារណៈ៥ភូមិ កំពុងរៀបចំបិទផ្សាយ ចំនួន៣ភូមិ កំពុងចុះបញ្ជីចំនួន១ភូមិ និងស្នើសុំប្រកាសតំបន់វិនិច្ឆ័យចំនួន ១២ភូមិ។

ដោយឡែក នៅក្នុងឃុំខ្ជាយខាងជើង មាន៥ភូមិ ៣ភូមិចែកប័ណ្ណរួច រួមទាំងភូមិព្រៃសំណាងក្រោម ដែលត្រូវចែកប័ណ្ណ នៅថ្ងៃនេះ និងបានស្នើសុំបណ្ណបន្ថែមជាច្រើនទៀត។ ពិធីនេះធ្វើការចែកបណ្ណកម្មសិទ្ធិ ជូនពលរដ្ឋដោយផ្ទាល់ ចំនួន៦៦បណ្ណ៕