(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រៀមឯកសារពាក់ព័ន្ធសម្រាប់ ការធ្វើសវនកម្ម របស់អគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ នៅសាលប្រជុំនាយកដ្ឋាននគរបាលការពារព្រំដែនទឹក។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអនុប្រធាននាយកដ្ឋាន នាយការិយាល័យ ប្រធានអង្គភាព និងមេបញ្ជាការវរសេនាតូចទាំងអស់ផងដែរ។

សូមជម្រាបថា សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាព នៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងជនជាប់ឃុំ។ល។ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕