(ព្រះវិហារ)៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋចំនួន១៣៤គ្រួសារ រស់នៅភូមិដាន ឃុំថ្មី ស្រុកគូលែន និងប្រជាពលរដ្ឋចំនួន៣១១គ្រួសារ រស់នៅភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ បានទទួលបណ្ណកម្មសិទ្ធដីធ្លីដោយស្របច្បាប់ក្រោមការប្រគល់ពីលោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះលោក សំ សារឿន បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ប្រាក់ សុវណ្ណ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្តទាំងអស់ ដែលជានិច្ចជាកាលតែង យកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហាររបស់យើង។

លោក សំ សារឿន បានថ្លែងលើកឡើងថា បងប្អូនដែលមកទទួលបណ្ណកម្មសិទ្ធដីធ្លីនៅពេលនេះ គឺបានឆ្លងកាត់ឧបសគ្គយ៉ាងច្រើន ដូចជាទៅបំពេញការវាស់វែងតាមព្រំដី ទៅបំពេញការផ្តិតមេដៃ.....ជាដើម។ លោកថា បណ្ណនេះមានតម្លៃមហាសាល ជាបណ្ណដែលមានការធានាត្រឹមត្រូវតាមផ្លូវច្បាប់ មិនមែនបណ្ណរឹងដូចដែលយើងតែងនិយាយ ហែកមិនដាច់ ដុតមិនឆេះនោះទេ គឺរឹងលើផ្លូវច្បាប់។

លោក សំ សារឿន បានថ្លែងបញ្ជាក់ទៀតថា បណ្ណកម្មសិទ្ធដីធ្លីនេះមានអំណាច៤យ៉ាង រួមមាន៖

*ទី១៖ ពេលត្រូវកម្តៅថ្ងៃចេញរូបព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ
*ទី២៖ ពេលយើងយកទៅហ្វូតូកូពី គឺវាចេញមកកូពីតែម្តង
*ទី៣៖ មានលេខកូដ៨ខ្ទង់
*ទី៤៖ មាន QR code ដែលមានបញ្ជាក់នូវព័ត៌មាន និងអត្តសញ្ញាណច្បាស់លាស់ នៃម្ចាស់កម្មសិទ្ធ ពិសេសអាចឱ្យយើងយកទៅប្រើប្រាស់លើការដាក់បញ្ចាំ យកលុយមកពង្រីកមុខរបរផ្សេងៗមានភាពងាយស្រួលផងដែរ។

លោក សំ សារឿន ក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋ ដែលទទួលបានបណ្ណកម្មសិទ្ធដីធ្លីនៅពេលនេះ ត្រូវយកទៅប្រើប្រាស់ឱ្យសមស្របទៅតាមច្បាប់ដែលបានកំណត់ ពិសេសត្រូវទុកដាក់ថែរក្សាបណ្ណនេះឱ្យបានល្អ ពោលកុំយកបណ្ណនេះទៅអ៊ុតរឹងដូចអត្តសញ្ញាណបណ្ណឱ្យសោះ។

លោកថា បណ្ណកម្មសិទ្ធដីធ្លីដែលបងប្អូនទទួលនៅថ្ងៃនេះ គឺកើតឡើងដោយការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ក្រោមការណែនាំពីលោកអភិបាលខេត្តព្រះវិហារ ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធដីធ្លីនៅថ្ងៃនេះ ពិសេសប្រជាពលរដ្ឋរស់នៅភូមិកំពង់ពោធិ៍ ឃុំកំពង់ស្រឡៅពីរ ជាប់ព្រំដែនឡាវ បានសំដែងនូវការត្រេកអរសារទរយ៉ាងខ្លាំង ចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធរ ដែលបានសម្រេចផ្តល់បណ្ណកម្មសិទ្ធដីធ្លីដោយស្របច្បាប់តាមការស្នើរសុំរបស់ពួកគាត់ ដែលរយៈពេលជាយូរមកហើយគឺពួកគាត់មិនដែលបានទទួលបណ្ណកម្មសិទ្ធនេះទេ។

ពួកគាត់ប្តេជ្ញាគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយៗទៀត៕