(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញចុះផ្សព្វផ្សាយអនុសាសន៍ និងការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកាត់ឆ្វៀលដីនៅតំបន់អភិរក្សជុំវិញបឹងទន្លេសាប ជូនពលរដ្ឋដែលបានរស់នៅអាស្រ័យផល និងកាន់កាប់ចាប់ពី១០ឆ្នាំឡើងទៅ។

នៅក្នុងឱកាសចុះផ្សព្វផ្សាយនោះលោក ងួន រតនៈ ថ្លែងថា ដោយមើលឃើញពីទុក្ខលំបាករបស់ពុក ម៉ែ បងប្អូន សម្តេចតេជោបានសម្រេចកាត់ឆ្វៀលដីនៅតំបន់អភិរក្សាជុំវិញបឹងទន្លេសាប ជូនប្រជាពលរដ្ឋដែលបានអាស្រ័យផល និងបានរស់នៅយូរលង់ណាស់មកហើយ ទោះបីស្ថិតនៅក្នុងតំបន់អភិរក្សជាតំបន់២ និងតំបន់៣ ក៏ត្រូវកាត់ឆ្វៀលជូនប្រជាពលរដ្ឋ ហើយផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ដោយមានការវាស់វែងកំណត់ព្រំដីរវាងដីរដ្ឋ និងដីប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ ហើយដីតំបន់៣ ដែលមិនត្រូវកាត់ឆ្វៀលត្រូវបានបន្តដាំឈើបន្ថែមទៀតសម្រាប់ជាជម្រកត្រីឡើងវិញ។

លោកបានបញ្ជាក់ថា ក្នុងខេត្តកំពង់ធំ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្រេចកែសម្រួល និងកាត់ផ្ទៃដីចេញពីតំបន់អភិរក្ស ដែលមានផ្ទៃដី ១ម៉ឺន ១៤ហិកតា ត្រូវបានកាត់ចេញពីតំបន់២ បញ្ចូលទៅតំបន់១, ផ្ទៃដី ៦ពាន់ ៣៦៥ហិកតា កាត់ចេញចេញពីតំបន់៣ ចូលទៅតំបន់២។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសម្តែងនូវក្តីសប្បាយរីករាយពេញចិត្ត ចំពោះការដឹកនាំរបស់សម្តេចតេជោ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរពីជីវភាព និងសុខទុក្ខរបស់ពួកគាត់។ ទាំងថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋ សូមគោរពជូនពរសម្តេចមានសុខភាពល្អ និងទទួលបានជោគជ័យឈ្នះដាច់នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ ដើម្បីឲ្យគណបក្សប្រជាជន និងរាជរដ្ឋាភិបាល បន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខបន្តទៀត៕