(ព្រះវិហារ)៖ ប្រជាពលរដ្ឋចំនួន៩នាក់ ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានចេញមកលាតត្រដាងចំពោះការបោកប្រាស់របស់ថ្នាក់ដឹកនាំគណបក្សគណបក្សភ្លើងទៀន ដែលបានលួងលោមពួកគេឲ្យចុះចូលជាមួយខ្លួន ត្រឹមរយៈពេល១០ថ្ងៃ ដើម្បីលួចយកទៅដាក់ឈ្មោះឈរជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ តាមរយៈការថតរូបទៅបិទនៅបញ្ជីបេក្ខភាពទាំងដែលពួកគាត់មិនបានដឹងខ្លួន។

ក្រោយដឹងខ្លួនថាចាញ់បោកនេះ ប្រជាពលរដ្ឋទាំងនោះដែលសុទ្ធតែអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាតាំងពីដើមរៀងមក បានប្រញាប់ប្រញាល់ទៅតវ៉ានៅកន្លែង គ.ជ.ប ថ្នាក់ឃុំសុំឲ្យលុបឈ្មោះពួកគាត់ចេញពីបញ្ជីបោះឆ្នោត របស់បក្សភ្លើងទៀនវិញ។

បេក្ខភាព និងសមាជិកទាំង៩នាក់ បាននិយាយដូចៗគ្នានៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះថា ពួកគាត់ត្រូវបានគណបក្សភ្លើងទៀនបញ្ចុះបញ្ចូល ឲ្យចូលជាមួយគណបក្សគេតែ១០ថ្ងៃទេ គាត់ឮគេបបួលថាចូល១០ថ្ងៃគាត់ក៏ព្រម ស្រាប់តែក្រោយមកឃើញរូបថត និងឈ្មោះរបស់គាត់បិទលើបញ្ជីឈ្មោះគណបក្សភ្លើងទៀន ទើបធ្វើឲ្យគាត់មានការងឿងឆ្ងល់ ក៏នាំគ្នាទៅតវ៉ានៅ គ.ជ.ប ស្រុក និងគណបក្សភ្លើងទៀនឲ្យលុបឈ្មោះពួកគាត់ចេញវិញ។

ពួកគាត់ថែមទាំងបានបញ្ជាក់យ៉ាងច្បាស់ៗថា ពួកគាត់ជាសមាជិកគណបក្សប្រជាជនកម្ពុជា តាំងពីនៅវ័យក្មេងៗ រហូតដល់វ័យចំណាស់ហើយមិនប្រែប្រួលនោះទេ លុះគណបក្សភ្លើងទៀនបញ្ចុះបញ្ចូលឲ្យចូល ជាមួយគេតែ១០ថ្ងៃក៏ព្រម ព្រោះគិតថាត្រឹម១០ថ្ងៃសោះ លុះពេលគេយករូបថតទៅបិទនៅបញ្ជីឈ្មោះ ទើបមានការភ្ញាក់ផ្អើល និងនាំគ្នាទៅតវ៉ាវិញ។

ដោយឡែក លោក យ៉ុង ហួត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានថ្លែងថា នៅទូទាំងស្រុកជាំក្សាន្ត មានបេក្ខភាព និងសមាជិកគណបក្សភ្លើងទៀន និងគណបក្សខ្មែរស្រឡាញ់ជាតិ បានស្ម័គ្រចូលមករួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា វិញមានចំនួន៥៣នាក់ ហើយនៅព្រឹកថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២២ស្អែកនេះ បេក្ខភាព និងសមាជិកគណបក្សទាំងនោះ នឹងត្រូវប្រកាសបញ្ចូល ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានលោក មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារផងដែរ៕

ខាងក្រោមនេះ ជាការលើកឡើងរបស់ប្រជាពលរដ្ឋ៖