(ស្វាយរៀង)៖ លោក ជុក មុន្នី អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងស្វាយរៀង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅសង្កាត់គយត្របែក សូមទៅចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលជាបោះឆ្នោតឲ្យខ្លួនឯង ដើម្បីនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាបន្តបន្ទាប់ទៀត។

ការថ្លែងបែបនេះរបស់លោកអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងស្វាយរៀង បានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចាក់បេតុងមួយខ្សែប្រវែងជាង៥០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ដែលមានការចូលរួមពីលោក នួន លីហួន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់គយត្របែក ប្រជាពលរដ្ឋ និងក្រុមការងារជាច្រើននាក់ផងដែរ។

លោក ជុក មុន្នី ក៏បានថ្លែងអំណរគុណលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ដែលបានយកចិត្តទុកដាក់ និងជំរុញការអភិវឌ្ឍមូលដ្ឋានឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសបានផ្តួចផ្តើម និងឲ្យលោកប្រធានក្រុមការងារចុះជួយសង្កាត់គយត្របែក ធ្វើការស្ថាបនាផ្លូវចាក់ចាក់បេតុងមួយខ្សែប្រវែងជាង៥០០ម៉ែត្រ ហើយត្រូវបានបើកការដ្ឋានស្ថាបនានៅថ្ងៃនេះ។

លោកបានបន្តថា «សមិទ្ធផលផ្លូវមួយខ្សែនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់គយត្របែក និងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងមានការគិតគូរយកចិត្តទុកដាក់ ពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តស្វាយរៀង ដែលលោកស្រីតែងតែយកចិត្តទុកដាក់គិតគូរជាមួយសមាជិកសមាជិកា របស់គណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា»

លោកថា ផ្លូវចាក់បេតុងនេះ មិនត្រឹមតែជួយសម្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនដឹកកសិផលទៅកាន់ទីផ្សារប៉ុណ្ណោះទេ វាថែមទាំងចំណេញទាំងពេលវេលា និងថវិកាថែមទៀតផង ដូច្នេះសូមមេត្តាជួយថែរក្សាឲ្យបានយូរអង្វែង ព្រោះនេះជាសម្បតិ្តរបស់យើងទាំងអស់គ្នា ដែលក្រុមការងារគណបក្សប្រជាជនកម្ពុជាបានខិតខំស្ថាបនាឡើង៕