(ភ្នំពេញ)៖ ក្នុងទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា គួច ម៉េងលី អ្នកជំនាញក្នុងវិស័យអប់រំ បានថ្លែងសារថា «កុមារ គឺជាឆ្នឹងកងនៃជាតិសាសន៍មួយ» ហើយលោកបន្តថា «អនាគតប្រទេសជាតិ គឺពឹងផ្អែកលើពួកគេ»

អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបន្ថែមថា ភាពខ្លាំង និងភាពចម្រើនលូតលាស់ផ្នែកប្រាជ្ញាស្មារតីរបស់ពួកគេ គឺពិតជាសំខាន់ខ្លាំងណាស់ចំពោះការអភិវឌ្ឈប្រទេសជាតិយើង។ យើងចិញ្ចឹម និងបង្រៀងពួកគេបានល្អប៉ុណ្ណា យើងក៏ធ្វើឲ្យជាតិសាសន៍យើងរឹងមាំបានប៉ុននោះដែរ ហើយក៏ដូចជាយើងកំណត់ថា ជាតិសាសន៍យើង នឹងក្លាយទៅជាបែបណានោះដែរ។

លោកបានបន្តថា «កុមារយើង គឺជាអនាគតយើង។ គេនឹងដឹកនាំយើងទៅមុខ ឆ្ពោះទៅរកភាពថ្កុមថ្កើង និងបន្តបំភ្លឺផ្លូវយើងឱ្យដើរទៅកាន់អនាគតដ៏ត្រចះត្រចង់។ ដោយហេតុថាពួកគេសំខាន់ និងមានតម្លៃជាទីបំផុត យើងត្រូវតែស្រលាញ់ និងផ្តោតយកចិត្តទុកដាក់លើពួកគេ។ តោះយើង បង្រៀនកុមារយើង ហ្វឹកហ្វឺកពួកគេ គាំទ្រពួកគេ និងចិញ្ចឹមពួកគេ។ ចិញ្ចឹមពួកគេឲ្យបានល្អ»

អ្នកជំនាញវិស័យអប់រំរូបនេះបន្តទៀតថា «តោះយើង ចិញ្ចឹម និងបង្រៀនពួកគេឲ្យល្អប្រសើរ។ ធ្វើយ៉ាងណាក៏ដោយ បណ្តុះគេឲ្យក្លាយជាផលិតផលដ៏គួរជាទីមោទនបំផុតរបស់ប្រទេសជាតិយើង។ យើងត្រូតែដើរតួជាផ្នែកមួយដ៏សំខាន់របស់ពួកគេ។ ធ្វើឲ្យល្អបំផុត។ ធ្វើខ្លួនឱ្យក្លាយជាពុំគំរូដ៏អស្ចារ្យសម្រាប់ពួកគេ។ តោះ! យើងផ្តល់ឱកាសឱ្យគេ វែករកផ្លូវឱ្យគេ នឹងមិនប្រកាន់ទោសអូសដំណើរ»

បើតាមអ្នកឧកញ៉ា គួច ម៉េងលី បានជំរុញដែរថា កុមារ គឺជាយើង គឺជាស្រមោលយើង។ គេគឺអនាគតពួកយើង ជាជីវិតយើង។ គេនឹងបន្តបដិបត្តិប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌របស់យើង។ ពួកគេ នឹងក្លាយជាទំពាំងស្នងឬស្សី ហើយគេនឹងបណ្តុះបណ្តាលទំពាំងស្នងឬស្សីក្រោយៗបន្តបន្ទាប់ទៀត។ ដូច្នេះ សូមផ្តល់ក្តីសង្ឃឹមដល់ពួកគេ។ ផ្តល់ការអប់រំ ផ្តល់ក្តីស្រលាញ់ និងផ្តល់ជីវិតដ៏ល្អឱ្យពួកគេ។

លោកបន្ថែមថា ការវិនិយោគទុនជាមួយកុមារ។ ពុំគួរគិតថាហត់នឿយនឹងពួកគេនោះទេ។ រឹតតែពុំគួរសោះអង្គើយរាល់ការតាំងចិត្តដែលគេចង់ឱ្យយើងឃើញ។ ពួកគេត្រូវការយើងបំផុត មិនថាតាមវិធីណាក៏ដោយ។ គេត្រូវការយើងពេលគេឈឺចាប់ និងពេលគេមានតម្រូវការធ្វើអ្វីៗ។ ថ្ងៃនេះ គេត្រូវការពួកយើង តែថ្ងៃស្អែក យើងរឹតតែត្រូវការពួកគេលើសនេះទៅទៀត។ បើកផ្លូវឱ្យគេ ឱ្យគេមានផ្លូវច្រើនរាប់មិនអស់។ សូមផ្តល់ឲ្យគេ នូវអនាគតដ៏កក់ក្តៅ៕