(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២នេះ លោក បោន ប៊ិន អនុប្រធានក្រុមការងារចុះមូលដា្ឋនស្រុកមង្គលបូរី ប្រធានក្រុមការងារចុះមូលដា្ឋនឃុំចំណោម បានដឹកនាំកិច្ចប្រជុំបូកសរុប និងសន្និដ្ឋានវាយតម្លៃលទ្ធផលការងារក្នុងការចុះយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ឱកាសនោះលោក បោន ប៊ិន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារសមាជិក-សមាជិកគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានឃុំចំណោម ដែលបានខិតខំយ៉ាងសស្រាក់សស្រាំចុះជាប់ជាមួយ បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដោយមិនខ្លាចនឿយហត់។

លោកបានបន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ជាង៤០ឆ្នាំកន្លងមកនេះ ដោយសារតែមានការជឿទុកចិត្ត និងគាំទ្រពីប្រជាជនកម្ពុជាទូទាំងប្រទេស ហើយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតដល់ពេលបច្ចុប្បន្ននេះ ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។

លោក បោន ប៊ិន បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជានៅតែបន្តប្តេជ្ញាចំពោះមុខប្រជាជនថាគណបក្សប្រជាជននឹងអនុវត្តគោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យ ដើម្បីរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឱ្យបានរឹងមាំ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងអភិវឌ្ឍឃុំ សង្កាត់លើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដែលជាការឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនគ្រប់ៗរូបនៅគ្រប់មូលដ្ឋាន។

លោកក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងឈានមកដល់ នាពេលខាងមុខនេះឱ្យ បានគ្រប់ៗគ្នាផងដែរ៕