(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ជាទិវាកុមារអន្តរជាតិ នៅសាកលវិទ្យាល័យធនធានមនុស្ស ក្រសួងអប់រំយុវជននិងកីឡា គ្រឹះស្ថានសិក្សា អង្គការដៃគូ បន្តរួមគ្នាធ្វើយុទ្ធនាការផ្សព្វផ្សាយសេចក្ដីណែនាំស្តីពី ការហាមឃាត់ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្មការតាំងលក់ផលិតផលថ្នាំជក់ និងកិច្ចសហការជាមួយឧស្សាហករថ្នាំជក់តាមគ្រឹះស្ថានឧត្តមសិក្សា ដើម្បីកាត់បន្ថយ និងឈប់ប្រើប្រាស់ផលិតផលថ្នាំជក់ និងគ្រឿងញៀន សំដៅរក្សាបាននូវសុខភាពល្អជូនសិស្សនិងក្រុមគ្រួសារ។

លោក ឈុន ណុច សាកលវិទ្យាល័យរង នៃសាកលវិទ្យាល័យធនធានមនុស្ស បានស្វាគមន៍ និងធ្វើរបាយការណ៍ពីការចូលរួមរបស់សាកលវិទ្យាល័យធនធានមនុស្ស ក្នុងកិច្ចសហការជួយលើការងារសង្គម សុខភាព សំដៅឱ្យសិស្សនិងនិស្សិតដែលមកបន្តការសិក្សានៅទីនេះ ទទួលបានទាំងចំណេះជំនាញនិងសុខភាពល្អ។

លោកវេជ្ជបណ្ឌិត មុំគង់ ប្រធានអង្គការចលនា ដើម្បីសុខភាពកម្ពុជា បានថ្លែងថាផលប៉ះពាល់នៃថ្នាំជក់ គឺកើតជំងឺមហារីកប្រូស្តាត ដោះ ឈាមមាត់ បំពងខ្យល់ បំពង់អាហារ សួត ក្រពះ លំពែង ថ្លើម តំរងនោម ពោះវៀនធំ ប្លោកនោម និងសំលាប់ប្រជាពលរដ្ឋកម្ពុជាប្រមាណជា ១៥០០០នាក់ក្នុងមួយឆ្នាំ។

ថ្ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្មអប់រំនិងស្តារនីតិសម្បទា នៃអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានថ្លែងថា និស្សិតសាលាធនធានមនុស្ស មិនមែនជាមុខសញ្ញាប្រើប្រាស់ថ្នាំជក់និងគ្រឿងញៀនទេ តែការផ្តល់ព័ត៌មានចំណេះដឹង និងការចូលរួមរបស់និស្សិត គឺធ្វើឱ្យសហគមន៍មានសុវត្ថិភាពពីគ្រោះថ្នាក់ នៃផលិតផលថ្នាំជក់និងគ្រឿងញៀន។

ថ្លែងក្នុងនាមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្នុងឱកាសនោះដែរ លោកស្រីវេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី ប្រធាននាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំយុវជននិងកីឡា បានថ្លែងអំណរគុណដល់ស្ថាប័ន អង្គភាព និងអង្គការ CMH និងWHO និងសាកលវិទ្យាល័យធនធានមនុស្ស ដែលបានយកចិត្តទុកដាក់ដល់សុខភាពសិស្សនិស្សិត សហការផ្សព្វផ្សាយពីការហាមឃាត់ការប្រើប្រាស់ការផ្សព្វផ្សាយពាណិជ្ជកម្ម ការតាំងលក់ផលិតផលថ្នាំជក់ សំដៅដល់ការមិនប៉ះពាល់ មិនពាក់ព័ន្ធនឹងបញ្ហាថ្នាំជក់ និងគ្រឿងញៀនដែលនាំគ្រោះថ្នាក់ដល់សុខភាពនិងអាយុជិវិត។

ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត ឆាយ គឹមសុទ្ធាវី បានបន្តថា ការយល់ដឹងពីសុខភាព ជួយឱ្យយើងមានអាយុវែង និងសម្រេចគោលដៅសិក្សា ហើយដើម្បីមានអាយុវែង គឺត្រូវប្រតិបត្តិ៖ ១. រស់នៅជាមួយធម្មជាតិ ២. ការបរិច្ចាកទានធ្វើឱ្យចិត្តស្ងប់ ៣. បរិភោគអាហារគ្មានជាតិគីមី ៤. ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ ៥. គេងឱ្យបានគ្រប់គ្រាន់ និង៦. ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៕