(កំពង់ឆ្នាំង)៖ សមាជិក សមាជិក និងប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជា ជាង៦០០នាក់ នៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បាននាំគ្នាដង្ហែរក្បួនឃោសនារកសំលេងឆ្នោត ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ខាងមុននេះ។

ការដង្ហែរក្បួនឃោសនារកសំលេងឆ្នោតនេះ ដឹកនាំដោយលោក សាន់ យូ សមាជិកគណបក្សខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានឃុំផ្លូវទូក តំណាងឱ្យលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង និងសមាជិកក្រុមការងារថ្នាក់ខេត្ត រួមនឹងក្រុមការងារសមាជិក គណបក្សប្រជាជនកម្ពុជា ជាច្រើននាក់ទៀតបានចូលរួមផងដែរ។

លោក សាន់ យូ បានអំពាវនាវដល់សមាជិក សមាជិកាតំណាងគ្រួសារបក្សទាំងអស់ និងប្រជាពលរដ្ឋដែលបានចូលរួមឃោសនា សូមនាំបងប្អូន កូនចៅដែលមាន ឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនក្រុមប្រឹក្សាឃុំរបស់គណបក្សប្រជាជនកម្ពុជា ឃុំផ្លូវទូក ដែលមានលំដាប់លេខរៀងទី៣ នៅក្នុងសន្លឹកឆ្នោត ដើម្បីបានបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យមានការអភិវឌ្ឍ និងការរីកចម្រើនលើគ្រប់វិស័យបន្តទៀត។

លោក សាន់ យូ បានបន្តថា គណបក្សប្រជាជនកម្ពុជា មានរូបទេវតាបាចផ្កា ជាតំណាង ដូច្នេះ អ្នកដែលស្គាល់គុណទេវតា ពិតជាមានភាពរីកចម្រើនរុងរឿង។ ឯអ្នកមានគុណទេវតាដែលបានជួយសង្គ្រោះជីវិត ពីរបប ប៉ុល ពត និងថ្មីៗនេះបានជួយសង្គ្រោះជីវិតពីជំងឺកូវីដ១៩ ដ៏កាចសាហាវនោះពិតជាយល់ខុសហើយ។

ដោយឡែកលោក ប៉ាត់ គន បេក្ខជនក្រុមប្រឹក្សាឃុំផ្លូវទូក បានឱ្យដឹងថា តាមផែនការ គឺបានអញ្ជើញសមាជិក សមាជិកាគណបក្សប្រជាជនក្នុងឃុំផ្លូវទូក មកចូលរួមដង្ហែរក្បួនចំនួន៤០០នាក់ប៉ុណ្ណោះ។ ប៉ុន្តែដោយមានការស្រឡាញ់គាំទ្រគណបក្សប្រជាជនកម្ពុជា និងស្រឡាញ់ថ្នាក់ដឹកនាំក្នុងមូលដ្ឋាន អ្នកដែលអញ្ជើញមកចូលរួមហែរក្បួនឃោសនាក្នុងថ្ងៃនេះ បានកើនឡើងដល់ជាង ៦០០នាក់ ក្នុងចំណោមអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបជាង ១ពាន់នាក់។

ចំណែកសមាជិកបក្សមួយក្រុមទៀត បាននិយាយថា ដោយសារតែការស្រលាញ់គាំទ្រគណបក្សប្រជាជនកម្ពុជា ពួកគាត់បាននាំគ្នាដើរដោយថ្មើរជើងតាំងពីចំណុចវាលភក់ដោយចេញ ដំណើរតាំងពីម៉ោង៦៖៤០នាទី ដំបូងបាននាំគ្នាជិះទូកលុះជិះចេញបានបន្តិច ជួបនឹងកំប៉ោងក្រាស់ ទៅមុខមិនរួច ទៅក្រោយក៏មិនរួចក៏សម្រេចទុកទូកចោល ហើយហែលទឹកឆ្លងព្រែក ធ្វើដំណើរថ្មើរជើងរហូតមកដល់ស្នាក់ការគណបក្ស ឃុំផ្លូវទូក នៅវេលាម៉ោង១០៖០០នាទីព្រឹក ដោយសារតែការស្រឡាញ់បក្សប្រជាជនកម្ពុជា និងស្រឡាញ់ថ្នាក់ដឹកនាំរបស់គណបក្សក៏សម្រេចចិត្តនាំគ្នាដើរដោយថ្មើជើង មិនគិតពីការនឿយហត់ឡើយ។

នេះក៏ដោយសារតែមានបំណងចង់ចូលរួមដង្ហែរការឃោសនាជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន តែមួយគត់ជាមគ្គុទេសក៍ដ៏ឆ្នើម។ ពួកគាត់និយាយថាមានតែគណបក្សប្រជាជនមួយគត់ ដែលដឹងសុខទុក្ខរបស់ប្រជាជន និងធ្វើអ្វីៗទាំងអស់ដើម្បីប្រជាជន ដោយមិនបានសន្យាចោលដូចគណបក្សផ្សេងនោះឡើយ។ ដូច្នេះនៅថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ ពួកគាត់នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ពួកគាត់៕