(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាកខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានក្រើនរំឮកដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ខណៈបាតុភូតធម្មជាតិបានកើតមានញឹកញាប់នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាក់ស្តែងខេត្តកំពង់ស្ពឺ ក៏បានរងគ្រោះផងដែរ។

ការក្រើនរំឮកបែបនេះ របស់លោក វ៉ី សំណាង បានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំក្រុមការងារចុះជួប និងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៣៩គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅក្នុងស្រុកគងពិសី នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋរងគ្រោះលោក វ៉ី សំណាង បានចូលរួមសោកស្តាយចំពោះការរងគ្រោះដោយបាតុភូតធម្មជាតិដែលបានកើតឡើងធ្វើប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់។ បាតុភូតធម្មជាតិនេះ ពិតជាមិនអាចមើលឃើញ និងដឹងមុននោះទេ ដូច្នេះរាល់ការខូចខាតដែលផ្តើមចេញខ្យល់កន្ត្រាក់វាពិតជាសោកសង្រេងណាស់ ហើយមួយបានធ្វើឱ្យប្រជាពលរដ្ឋចំនួន ២នាក់របួស។

លោកបានលើកឡើងថា ក្រោយទទួលបានព័ត៌មាន និងក្រោមការចង្អុលបង្ហាញពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា, សាខាកាកបាទក្រហមខេត្តក៏បានចុះជួបផ្ទាល់ ដើម្បីអន្តរាគមន៍សង្គ្រោះ ហើយកិច្ចការអន្តរាកមន៍សង្គ្រោះនេះធ្វើឡើងបន្ទាន់ និងមិនប្រកាន់និន្នាការនយោបាយនោះទេ ធ្វើយ៉ាងណាជួយសម្រាលនូវទុក្ខលំបាកចំពោះមុខ។ដូចពាក្យស្លោកថា ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា, កាកបាទក្រហមកម្ពុជា មិនបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់រងទុក្ខ និងស្លាប់ដោយអត់បាយនោះទេ។

ក្នុងឱកាសនោះដែរលោក វ៉ី សំណាង បានលើកឡើងពីការប្រែប្រួលនៃអាកាសធាតុ ដោយក្នុងនោះក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈបាតុភូតធម្មជាតិ និងបន្តកើតឡើងថ្មីៗបន្ថែមនៅក្នុងប្រទេសកម្ពុជា និងលើសកលលោក។ ដូច្នេះគ្រោះធម្មជាតិ និងអាចកើតឡើងគ្រប់ពេល ហើយដើម្បីបញ្ជៀសផុតពីគ្រោះថ្នាក់ជាយថាហេតុសូមប្រជាពលរដ្ឋចូលរួមបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ដោយក្នុងនោះមិនត្រូវដើរហាលភ្លៀងបើមិនចាំបាច់ ឬឈរជ្រកក្រោមដើមឈើពេលមេឃកំពុងភ្លៀង ពិសេសពេលមានខ្យល់កន្ត្រាក់មិនត្រូវនៅពីក្រោមសំណង់ទាំងឡាយណាដែលសង្ស័យថាមិនរឹងមាំនោះទេ៕