(ភ្នំពេញ)៖ កម្ពុជា-បង់ក្លាដែសបានប្តេជ្ញាបន្តពង្រឹងនូវកិច្ចព្រមព្រៀងលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយគ្នាទៀត ខណៈកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងប្រទេសទាំងពីរជិតផុតសុពលភាពហើយនោះ។

ការបញ្ជាក់បែបនេះត្រូវបានធ្វើឡើង នាឱកាសលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតលោក មហាម៉េដ អាប់ឌុល ហ៊ី ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នាទីស្តីការក្រសួងការងារ។

លោក អ៉ិត សំហេង បានបញ្ជាក់ថា សម្រាប់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា-បង់ក្លាដែសមានអនុស្សរណៈនៃការយោគយល់គ្នាតាំងពីឆ្នាំ២០១៧មកម្ល៉េះ ក្រុមការងារបច្ចេកទេសបានធ្វើកិច្ចការស្របទៅនឹងកិច្ចព្រមព្រៀងជាមួយគ្នានេះ ដោយសារកូវីដ-១៩ធ្វើឲ្យអាក់ខានរយៈពេលពីរឆ្នាំ ហើយថ្ងៃនេះភាគីទាំងពីរមានឱកាសពិភាក្សាដើម្បីបន្តកិច្ចសហប្រតិបត្តិការនេះជាមួយគ្នា។

លោក មហាម៉េដ អាប់ឌុល ហ៊ី រីករាយចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ភាគីទាំងពីរនឹងវិលត្រឡប់មកអនុវត្តន៍កិច្ចការងារដែលបានព្រមព្រៀងគ្នាស្របទៅនឹង MoU។ នៅក្នុងដំណើរចុះទស្សនកិច្ចរបស់លោកអគ្គរដ្ឋទូត ដែលបានចុះជួបផ្ទាល់ជាមួយជនជាតិបង់ក្លាដែស ដែលកំពុងបម្រើការងារនៅក្នុងប្រទេសកម្ពុជាលើផ្នែកសេវាកម្ម សំណង់ ភោនីយដ្ឋាន ធនាគារជាដើមនោះ ឃើញថាពលរដ្ឋបង់ក្លាដែសទទួលបានការគាំពារ និងយកចិត្តទុកដាក់បានយ៉ាងល្អពីកម្ពុជា ដែលអាចឲ្យពួកគេមានលទ្ធភាពបើកដំណើរការអាជីវកម្មរបស់ខ្លួនបានប្រសើរ។

លោកឯកអគ្គរដ្ឋទូតបានស្នើក្រុមការងារបច្ចេកទេសខាងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាទៅកាន់ទីក្រុងដក្កា ដើម្បីប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសបង់ក្លាដែសលើកទី២ លើការបន្ត MoU ព្រមទាំងបានអញ្ជើញលោករដ្ឋមន្ត្រី អ៉ិត សំហេង ចុះបំពេញទស្សនកិច្ចជាមួយក្រុមការងារកម្ពុជាតែម្តងនៅបង់ក្លាដេស។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីមើលឃើញថា វិស័យការងាររបស់ប្រទេសទាំងពីរប្រហាក់ប្រហែលគ្នា ជាប្រទេសផលិត និងនាំចេញ ពិសេសវិស័យវាយនភណ្ឌកាត់ដេរ។

កម្ពុជាមានលក្ខខណ្ឌការងារដែលផ្សាភ្ជាប់ទៅនឹងការនាំចេញ កិច្ចព្រមព្រៀងនេះបានផ្តល់ឱកាសដល់អ្នកវិនិយោគ។ បា្រក់ឈ្នួលនៅកម្ពុជាមានការដំឡើងខ្ពស់ សម្រាប់ការប្រកួតប្រជែងគឺពិបាក ហើយវាក៏ប្រសើរផងដែរសម្រាប់ជីវភាពកម្មករនិយោជិតរបស់កម្ពុជា។ ភាគីទាំងពីរអាចចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមកលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ។ ពលករបង់ក្លាដែសប្រមាណ៤០០នាក់ ដែលទទួលបានប័ណ្ណការងារពីក្រសួងការងារកម្ពុជា ដោយទទួលបាននូវការថែទាំសុខភាព និងរបបហានិភ័យការងារពី ប.ស.ស ដូចកម្មករនិយោជិតរបស់កម្ពុជាដែរ។

សម្រាប់ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ បង់ក្លាដេសមានការរីកចម្រើនខាងបច្ចេកទេសផ្នែកកសិកម្ម ដោយកម្ពុជាផ្តល់អាទិភាពខ្ពស់ទៅលើវិស័យកសិកម្ម កម្ពុជាប្រើប្រាស់គ្រឿងចក្រស្ទើរតែ១០០ភាគរយទៅហើយ តម្រូវការធនធានមនុស្សសម្រាប់វិស័យនេះក៏កាន់តែច្រើន ហេតុដូចនេះកម្ពុជាក៏ត្រូវការឲ្យបង់ក្លាដែសជួយបណ្តុះបណ្តាលផ្នែកនេះផងដែរ។

គួរជម្រាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះ MoU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយរដ្ឋាភិបាលបង់ក្លាដែស តំណាងដោយក្រសួងសុខុមាលភាពជនបរទេស និងការងារនៅបរទេស នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីរួមគ្នាគ្រប់គ្រងការជួលពលករទេសន្តរប្រវេសក៍ក្នុងប្រទេសទាំងពីរ អនុវត្តកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ផ្លាស់ប្តូរព័ត៌មានសម្រាប់ការការពារការជ្រើសរើស និងជួលពលករខុសច្បាប់ ព្រមទាំងការពារ និងប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរ និងវិស័យផ្សេងទៀតដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទាក់ទងនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានព្រមព្រៀងគ្នា។ អនុស្សរណៈនៃការយោគយល់នេះមានសុពលភាពរយ:ពេល៥ឆ្នាំ និងត្រូវបន្តដោយស្វ័យប្រវត្តិ គិតចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ តទៅ៕