(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារ «អភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម» ហៅកាត់ថា (ក.ជ.ថ.ស.ប) ជាភាសាអង់គ្លេសហៅថា «Taskforce to develop and manage Primary Health Care Booster Implementation Framework (T.P.H.C Booster)» បានទទួលស្វាគមន៍ជួបប្រជុំពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា ព្រមទាំងសហការី និងលោកស្រីវេជ្ជបណ្ឌិត ហ្វារូហ្វ ហ្វូយូហ្សាត តំណាងអង្គការយូនីសែហ្វ (UNICEF) ប្រចាំកម្ពុជា ព្រមទាំងសហការី និងមានមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអញ្ជើញចូលរួមផងដែរ។

ជំនួបកិច្ចពិភាក្សានេះ ក្នុងគោលបំណងបង្ហាញអំពីគំនិតផ្តួចផ្តើម និងដំណើរការអភិវឌ្ឍន៍ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម ព្រមទាំងស្វែងរកនូវចំណុចរួមគ្នាសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារ ក.ជ.ថ.ស.ប របស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងអង្គការយូនីសែហ្វ ក្នុងការអនុវត្តន៍ក្របខ័ណ្ឌជំរុញការថែទាំសុខភាពបឋមនៅកម្ពុជា ដោយផ្អែកលើលទ្ធផលបានមកពីការអភិវឌ្ឍន៍ក្របខ័ណ្ឌអនុវត្ត សម្រាប់ជំរុញបង្កើនការងារថែទាំសុខភាពបឋម ដែលនឹងត្រូវធ្វើឡើងដោយក្រុមការងារខាងលើនេះ ដោយមានការជួយគាំទ្រផ្នែកបច្ចេកទេស និងថវិកាមួយចំនួនពីអង្គការសុខភាពពិភពលោក។

នៅក្នុងជំនួបពិភាក្សាការងារនេះ លោកស្រីរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានជម្រាបជូនអង្គប្រជុំ ប្រកបដោយការសំដែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរកអ្វីប្រៀបផ្ទឹមពុំបាន ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជាចេញពីជ្រោះមរណៈនៃការរាតត្បាតជំងឺកូវីដ-១៩ ជាមួយនឹងភាពជាអ្នកដឹកនាំដ៏ខ្លាំងក្លា និងបេះដូងមនុស្សធ៌មដ៏ពិតប្រាកដរបស់ សម្តេចតេជោ ក្នុងការស្រោចស្រព វ៉ាក់សាំងកូវីដ-១៩ ដោយរដ្ឋជាអ្នកចេញថ្លៃទាំងស្រុង ជូនដល់ប្រជាជនទូទៅដោយមិនប្រកាន់ឋានៈ ពូជសាសន៍ ព័ណសម្បុរ ឬគណបក្សនយោបាយនោះឡើយ ដែលបានអនុញ្ញាតឲ្យមានការបើកដំណើរការប្រទេស និងសេដ្ឋកិច្ចសង្គមឡើងវិញ ហើយក៏បាន ផ្តល់ឱកាសឱ្យយើងទាំងអស់គ្នាបានជួបគ្នា បន្តធ្វើកិច្ចការសំខាន់ៗសម្រាប់សង្គម និងលើកស្ទួយសុខភាព សុខមាលភាពប្រជាពលរដ្ឋកម្ពុជា សំដៅជំរុញបង្កើនការថែទាំសុខភាពបឋម ដែលនៅក្នុងន័យនេះ លោកជំទាវរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ បានលើកផ្តោតទៅលើចំណុចសំខាន់ចំនួន៥គឺ៖

*ទី១៖ ភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំប្រទេស៖ គំនិត ទិសដៅយុទ្ធសាស្ត្រ និងអភិក្រមផ្សេងៗនៃការធ្វើដំណើរក្នុងផ្លូវដ៏វែងឆ្ងាយសម្រាប់ការជំរុញបង្កើនការថែទាំសុខភាពបឋម (Cambodia PHC Booster journey) ត្រូវបានដឹកនាំ និងធ្វើជាម្ចាស់ដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការពិភាក្សាផ្តល់អនុសាសន៍ជាយុទ្ធសាស្ត្រ និងការគាំទ្របច្ចេកទេសយ៉ាងរឹងមាំ ពីអង្គការសុខភាពពិភពលោក ដែលជាភ្នាក់ងារឈានមុខផ្នែកសុខភាពតាំងពីឆ្នាំ២០២១កន្លងមក។

ក្នុងនាមជាប្រទេសសមាជិកមួយរបស់អង្គការសុខភាពពិភពលោក ក្រសួងសុខាភិបាលកម្ពុជា បានចូលរួមសន្និសីទពិភពលោក និងសេចក្តីប្រកាសរួមអន្តរជាតិនៃទីក្រុងអាស្តាណា ស្តីពីការថែទាំសុខភាពបឋម ដែលបានប្រព្រឹត្តទៅកាលពី ថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងអាស្តាណា (Astana) នៃប្រទេសកាហ្សាក់ស្តង់ (Kazakhstan) និងក្នុងអំឡុងពេលឆ្លើយតបទៅនឹងការរាតត្បាតជាសកល នៃជំងឺកូវីដ-១៩ ព្រមទាំងស្របពេលដែលមានការជជែក ពិភាក្សាគ្នាជាច្រើនសារ ក្នុងកំឡុងពេលពេលបេសកកម្មរួមគ្នា ទៅកាន់បណ្តាខេត្តស្ទើរតែទាំងអស់នៅក្នុងប្រទេសកម្ពុជារវាងលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានចាប់ផ្តើមរិះរកគំនិត និងសកម្មភាពជំរុញបង្កើនការងារថែទាំសុខភាពបឋម ដោយរៀនសូត្របទពិសោធន៍ពីការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ក្រោមការដឹកនាំដ៏ឈ្លៀសវៃ ប្រកបដោយប្រសិទ្ធិភាពអស្ចារ្យរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការធ្វើឱ្យបានល្អប្រសើរឡើងនូវសុខភាពប្រជាជនកម្ពុជានាពេលអនាគត។

ជាលទ្ធផលមកដល់ពេលនេះ ក្រសួងសុខាភិបាល បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសស្នូល ដើម្បីអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម ដែលហៅកាត់ថា (ក.ជ.ថ.ស.ប) ដឹកនាំដោយលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាល បាននឹងកំពុងទទួលស្គាល់ ដោយការធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធព្រមទាំងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអង្គការសុខភាពពិភពលោក ដែលជាទីភ្នាក់ងារឯកទេសសុខភាពរបស់អង្គការសហប្រជាជាតិ ក្នុងការជួយគាំទ្រលើកិច្ចការសុខភាពនានា រួមទាំងការត្រៀមលក្ខណៈទុកជាមុន និងការឆ្លើយតបទៅនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ផងដែរ។ ក្នុងនាមជាអ្នកដឹកនាំ និងភាពជាម្ចាស់ កម្ពុជា ពិតជាមានមោទនភាព និងកោតសរសើរយ៉ាងខ្លាំង ចំពោះការចូលរួមដ៏សកម្មរបស់ប្រជាជនកម្ពុជាលើការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ការផ្តល់អនុសាសន៍ពីគោលនយោបាយផ្អែកលើភស្តុតាង តួនាទីក្នុងភាពជាអ្នកផ្តល់ប្រឹក្សាដឹកនាំបច្ចេកទេសនៃអង្គការសហប្រជាជាតិ និងវិភាគទានរបស់អង្គការសុខភាពពិភពលោកនៅក្នុងវិស័យសុខាភិបាល ត្រូវបានទទួលស្គាល់នៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ។ ក្រសួងសុខាភិបាល ក៏សូមកោតសរសើរចំពោះសាមគ្គីភាព និងការគាំទ្រពីដៃគូជាច្រើន រួមទាំងអង្គការយូនីសេហ្វ ដែលបានរក្សាសន្ទុះចរន្តដ៏ល្អនៃការលើកស្ទួយសុខភាពនេះ និងការធ្វើការជាមួយគ្នា។ ក្នុងវិស័យសុខាភិបាល ក្រសួងសុខាភិបាលមានតួនាទីជាប្រធាន ហើយអង្គការសុខភាពពិភពលោក មានតួនាទីជាសហប្រធាននៃក្រុមការងារបច្ចេកទេសសុខាភិបាល (Technical Working Group for Health in the Ministry of Health) អស់ រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ និងបន្តទៅមុខទៀត។

*ទី២៖ ការពង្រឹងប្រព័ន្ធសុខភាពកម្ពុជា និងការថែទាំសុខភាពបឋម៖ ការផ្តោតលើការថែទាំសុខភាពបឋម ជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល (UHC) ត្រូវបានរួមបញ្ចូលជាធាតុមួយដ៏សំខាន់ នៃការអភិវឌ្ឍន៍ផែនការ យុទ្ធសាស្រ្តសុខាភិបាលកម្ពុជា ២០២២-២០៣០ (HSP4) ដែលដឹកនាំដោយក្រសួងសុខាភិបាល។ ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម «PHC Booster» នឹងបម្រើជាមធ្យោបាយមួយ ដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ប្រទេសកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល និងគោលដៅអភិវឌ្ឃន៍ដោយចីរភាព។

ក្រសួងសុខាភិបាលបានប្តេជ្ញាចិត្ត និងកំពុងអំពាវនាវឲ្យមានការវិនិយោគលើផ្នែកសុខភាពបន្ថែមទៀត ជាពិសេសលើកិច្ចការជំរុញបង្កើនការថែទាំសុខភាពបឋមនេះ ដែលជាដំណោះស្រាយមួយដ៏ល្អបំផុត សម្រាប់បញ្ហាប្រឈមសុខភាព ដែលកំពុងបន្តកើតមាននាពេលអនាគតក៏ដូចជាការកើតឡើងនូវបញ្ហាជំងឺមិនឆ្លង (NCDs) និងកំណើនវ័យចំណាស់។ ការច្នៃប្រឌិតថ្មី និងសុខាភិបាលបែបឌីជីថល គឺជាផ្នែកសំខាន់មួយទៀតដែលមានចែង នៅក្នុងការអភិវឌ្ឍន៍ផែនការយុទ្ធសុខាភិបាលទី៤ (HSP4) ហើយយុទ្ធសាស្ត្រសុខាភិបាលបែបឌីជីថល បច្ចុប្បន្នកំពុងត្រូវបានអភិវឌ្ឍ និងអាចបញ្ចប់ឯកសារបាននាពេលខាងមុខ។

ក្រសួងសូមថ្លែងអំណរគុណជូនដល់អង្គការសុខភាពពិភពលោកសម្រាប់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ និងការចូលរួមរបស់អង្គការដែលជាដៃគូសុខភាពផ្សេងៗទៀត នៅក្នុងការអភិវឌ្ឍន៍ផែនការយុទ្ធសាស្រ្តសុខាភិបាលទី៤ (HSP4) និងយុទ្ធសាស្រ្តសុខាភិបាលបែបឌីជីថលនេះ។

*ទី៣៖ ការរៀនសូត្រពីជំងឺរាតត្បាតកូវីដ-១៩ សម្រាប់សុខភាពនាពេលអនាគត៖ មានមេរៀនជាច្រើនដែលយើងបាននិងកំពុងរៀនពីជំងឺរាតត្បាតជាសកលកូវីដ-១៩។ រៀនសូត្របទពិសោធន៍ជោគជ័យ និងមេរៀនដ៏សំបូរបែបនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា ដើម្បីរក្សាស្ថានភាពសន្ទុះល្អប្រសើរសម្រាប់សុខភាព និងធ្វើអោយសុខភាពជាផ្នែកសំខាន់មិនអាចខ្វះបាននៃការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។ ប្រសិនបើសុខភាពមានហានិភ័យ ឬមានបញ្ហាទ្រុឌទ្រោម អ្វីៗគ្រប់យ៉ាង គឺនឹងមានគ្រោះថ្នាក់។

យើងដឹងថាការថែទាំសុខភាពបានល្អ ជាសិទ្ធសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បុគ្គលម្នាក់ៗ ក្រុមគ្រួសារ និងសហគមន៍ ហើយការអនុវត្តន៍នូវដំណោះស្រាយបញ្ហាសុខភាព និងការច្នៃប្រឌិតថ្មីបែបឌីជីថល គឺមានសារៈសំខាន់សម្រាប់អនាគត នៃសុខភាពល្អនៅកម្ពុជា ដែលជាដំណើរការចូលរួមដ៏វែងឆ្ងាយ និងដ៏ល្អប្រសើរសម្រាប់អនាគតសុខភាពរបស់ប្រជាជនកម្ពុជា។ ប្រទេសកម្ពុជា គឺជាសមាជិកមួយរបស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO) ដែលបានប្តេជ្ញាចិត្ត និងកំពុងរួមចំណែកក្នុងការអភិវឌ្ឍន៍គម្រោងការងារក្នុងតំបន់ ស្តីពីអនាគតនៃការថែទាំសុខភាពបឋមនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច(WPRO) ដែលនឹងត្រូវបង្ហាញជូនកិច្ចប្រជុំគណៈកម្មាធិការសុខាភិបាលតំបន់ (WHO-RCM) របស់អង្គការសុខភាពពិភពលោក នៅខែតុលា ឆ្នាំ២០២២។

ទន្ទឹមនឹងនោះ យើងក៏បានចាប់ផ្តើមដំណើរការថ្នាក់ជាតិរបស់យើងក្នុងការពិចារណា និងអភិវឌ្ឍក្របខ័ណ្ឌអនុវត្តកម្មវិធីជំរុញបង្កើនការថែទាំសុខភាពបឋម (Cambodia PHC-BIF) ជាមួយនឹងការណែនាំជាយុទ្ធសាស្ត្រដ៏រឹងមាំ ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរបស់អង្គការសុខភាពពិភពលោក រួមទាំងដៃគូ និងភាគីពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ ហើយការពិគ្រោះយោបល់ជាមួយអាជ្ញាធរ ប្រជាជន និងការស្តាប់ពីសហគមន៍ក្នុងមូលដ្ឋាន នឹងជួយឲ្យមានការយល់ដឹងកាន់តែប្រសើរឡើង អំពីតម្រូវការសុខភាព និងសេវាសុខភាពទៅថ្ងៃអនាគតរបស់ប្រជាជនកម្ពុជា។

*ទី៤៖ ដំណើរការនាពេលអនាគត និងការពិគ្រោះយោបល់ ក្នុងការអភិវឌ្ឍន៍ក្របខ័ណ្ឌអនុវត្តជំរុញបង្កើនការថែទាំសុខភាពបឋម (Cambodia PHC-BIF)៖ កម្មវិធីជំរុញបង្កើនការថែទាំសុខភាពបឋម គឺស្ថិតនៅដំណាក់កាលដំបូង នៃដំណើរដ៏វែងឆ្ងាយសម្រាប់អនាគតសុខភាពកាន់តែល្អប្រសើររបស់កម្ពុជា។ ក្រសួងសុខាភិបាល បានអញ្ជើញដៃគូសំខាន់ៗមួយចំនួន រួមទាំងអង្គការយូនីសេហ្វ ឲ្យចូលរួមក្នុងការពិគ្រោះយោបល់ថ្នាក់ជាតិនាពេលថ្មីៗនេះ ហើយយើងនឹងបន្តឲ្យមានការចូលរួមបន្ថែមទៀត ពីដៃគូផ្នែកសុខភាពនៅក្នុងកិច្ចការសំខាន់នេះ។

ក្រុមដៃគូផ្នែកសុខភាព (Health Partner Group) ត្រូវបានផ្តល់នូវព័ត៌មានសង្ខេបអំពីដំណើររបស់កម្មវិធីជំរុញការថែទាំសុខភាពបឋម (PHC Booster) ក្រោមការសម្របសម្រួលដៃគូផ្នែកសុខភាពដោយអង្គការសុខភាពពិភពលោក ដែលកិច្ចការនេះ គឺស្របតាមសំណើរបស់ក្រសួងសុខាភិបាល ទៅកាន់អង្គការសុខភាពពិភពលោក ឲ្យបន្តដើរតួនាទីជាអ្នកផ្តល់ប្រឹក្សាដឹកនាំបច្ចេកទេសសុខាភិបាល និងសម្របសម្រួលជាមួយដៃគូសំខាន់ៗ រួមទាំងក្រុមដៃគូផ្នែកសុខភាព និងលទ្ធភាពនៃការអាចរៀបចំឡើងវិញជាអាទិភាពរបស់ដៃគូផ្នែកសុខភាព ដើម្បីគាំទ្រដល់ក្រសួងសុខាភិបាល នៅក្នុងការអនុវត្តន៍ក្របខ័ណ្ឌអនុវត្តជំរុញបង្កើនការថែទាំសុខភាពបឋម ការប្រមូលធនធានសក្តានុពល ការអនុវត្តន៍ និងការវាយតម្លៃផងដែរ។

*ទី៥៖ ការគាំទ្រ និងសំណើរបស់អង្គការយូនីសេហ្វ សម្រាប់ការចូលរួមគាំទ្រកិច្ខការមួយចំនួន នៃការអនុវត្តន៍ក្របខ័ណ្ឌអនុវត្តជំរុញបង្កើនការថែទាំសុខភាពបឋម៖ ក្រសួងសុខាភិបាល សូមកោតសរសើរ និងអរគុណចំពោះការផ្តល់ព័ត៌មាននូវបំណងល្អ នៃការចូលរួមគាំទ្រដល់ក្រសួងសុខាភិបាល នៅក្នុងផ្នែកមួយចំនួនដែលមានសក្តានុពលនៅក្នុងការអនុវត្តន៍ក្របខ័ណ្ឌខាងលើនេះ ដូចជាសកម្មភាពគាំទ្រការចាក់ថ្នាំបង្ការទូទៅ អាហារូបត្ថម្ភ សុខភាពមាតា និងទារក ការចូលរួមរបស់សហគមន៍ ការផ្លាស់ប្តូរឥរិយាបទ និងសុខាភិបាលបែបឌីជីថល ជាដើម ហើយជាការចាំបាច់ណាស់ ដែលយើងត្រូវធ្វើការរួមគ្នា ដោយមានការសម្របសម្រួលក្រោមការដឹកនាំ និងភាពជាម្ចាស់របស់ក្រសួងសុខាភិបាល ដើម្បីធានាបាននូវការគាំទ្រចំទិសដៅ ត្រូវតាមពេលវេលា និងមានសកម្មភាពត្រឹមត្រូវ ដើម្បីឱ្យការគាំទ្រ និងការវិនិយោគរបស់អង្គការយូនីសេហ្វនៅក្នុងសកម្មភាពដែលនឹងត្រូវបានជ្រើសរើស និងឯកភាពគ្នាមួយចំនួននៅក្នុងដំណើរអនុវត្តការងាររយៈពេលវែងនេះ។

យើងត្រូវតែមានការប្តេជ្ញាចិត្តរយៈពេលវែង និងបន្តការគាំទ្រពីអង្គការសុខភាពពិភពលោក អង្គការយូនីសេហ្វ និងដៃគូសុខាភិបាលសំខាន់ៗផ្សេងទៀត ជាពិសេស ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ ហើយរិតតែមានសារៈសំខាន់ណាស់ ក្នុងការរៀបចំផែនការដោយប្រុងប្រយ័ត្ន និងច្បាស់លាស់ថាតើអង្គការណានឹងគាំទ្រសកម្មភាពណាមួយ សម្រាប់ការអនុវត្តន៍ក្របខ័ណ្ឌអនុវត្តជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) នេះ និងត្រូវមានការពិភាក្សាគ្នាជាបន្តបន្ទាប់ទៀត។

ជាទីបញ្ចប់ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម បានថ្លែងអំណរគុណសារជាថ្មី ដល់អង្គការសុខភាពពិភពលោក និងអង្គការយូនីសែហ្វ នៅក្នុងការជួយគាំទ្រដំណើរការអនុវត្តន៍ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម ហើយក្រសួង នឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយដៃគូផ្សេងៗទៀតលើការងារនេះផងដែរ៕