(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះថា គ.ជ.ប នឹងពិនិត្យបន្ថែមរវាងទំនាក់ទំនងគណបក្សភ្លើងទៀន និងលោក អៀ ចាន់ណា ដែលជាតំណាងយុវជននៃអតីតគណបក្សសង្រ្គោះជាតិប្រទេសន័រវេ (Norway) ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ តាមដីការបស់តុលាការ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។

ការចេញមុខមកបញ្ជាក់បែបនេះ របស់ស្ថាប័ន គ.ជ.ប បានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ បុគ្គល អៀ ចាន់ណា បានពាក់មួក និងស្លៀកពាក់អាវគណបក្សភ្លើងទៀន ចូលរួមឃោសនារកសំលេងឆ្នោតឱ្យគណបក្សភ្លើងទៀន ដោយឈរខាងក្រោយ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន។

អ្នកពាក្យ គ.ជ.ប បាបញ្ជាក់យ៉ាងដូច្នេះថា៖ «នេះជាចំណុចចាប់ផ្តើមក្នុងការស៊ើបអង្កេតបន្ថែមប្រសិនបើមានទំនាក់ទំនងជាមួយគណបក្សភ្លើងទៀន ក្នុងនាមជាអ្វី ហើយបានប្រើប្រាស់វោហាស័ព្ទ ឬសកម្មភាពបែបណាមានប៉ះពាល់ទេដល់ដំណើរការឃោសនាបោះឆ្នោត ប្រសិនបើមានក្នុងកម្រិតទោសទណ្ឌនឹងអាចពិនិត្យលើអង្គហេតុ និងអង្គច្បាប់ ដើម្បីធ្វើការពិចារណាបន្ត»

«គ.ជ.ប រងចាំមើលដំណើរការបន្តទៀត ពាក់ព័ន្ធនឹងការចាប់ខ្លួន (បុគ្គល អៀ ចាន់ណា) ថាតើស្ថាប័នណាដែលត្រូវដោះស្រាយ ពីព្រោះថាប្រសិនបើជាគាត់ស្ថិតនៅក្នុងឈ្មោះដែលជាប់បំរាម អាហ្នឹង គឺថាអាជ្ញាធរដែលមានសមត្ថកិច្ចខាងអនុវត្តបំរាមនោះលោកនឹងធ្វើការផ្ទៀងផ្ទាត់ជាមួយខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោក ហង្ស ពុទ្ធា។

ជុំវិញការអនុញ្ញាតឱ្យបុគ្គល អៀ ចាន់ណា ដែលជាប់ពិរុទ្ធចូលរួមឃោសនារកសំលេងឆ្នោតនេះ អ្នកនាំពាក្យ គ.ជ.ប បានអំពាវនាវដល់គណបក្សនយោបាយទាំងអស់ ដែលកំពុងធ្វើសកម្មភាពនយោបាយក្នុងថ្ងៃឃោសនារកសំលេងឆ្នោត គឺអនុវត្តឱ្យបាននូវច្បាប់ស្តីពីគណបក្សនយោបាយ និងក្រមសីលធម៌ គោរពឱ្យបាននូវបទបញ្ជា និងនីតិវិធីនៃការឃោសនារកសំលេងឆ្នោត ព្រមទាំងត្រូវដឹងអ្វីថាត្រូវជៀសវាង អ្វីដែលគួរធ្វើ អញ្ចឹងប្រសិនបើមានការឃុបឃិតគ្នាប្រព្រឹត្តខុសការអនុវត្តច្បាប់ នោះសាមីគណបក្សនឹងទទួលខុសត្រូវដោយខ្លួនឯងចំពោះមុខច្បាប់ ដូច្នេះ សូមសំណុំពរអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ទាំងអស់គ្នា។

សូមជម្រាបថា លោក អៀ ចាន់ណា ដែលជាតំណាងយុវជននៃអតីតគណបក្សសង្រ្គោះជាតិប្រទេសន័រវេ (Norway) ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅក្បែរផ្សារអ៉ីអន រាជធានីភ្នំពេញ តាមដីការបស់តុលាការ ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។ នេះបើតាមការបញ្ជាក់របស់ ក្រុមមន្រ្តីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

បន្ទាប់ពីមានការឃាត់ខ្លួននេះ លោក អៀ ចាន់ណា ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន សម្រេចចេញដីកាឃុំខ្លួន នៅពន្ធនាការព្រៃស ក្រោមការចោទប្រកាន់ពីបទរួម «គំនិតក្បត់» ប្រព្រឹត្តទៅកាលពីឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់៕