(ព្រះវិហារ)៖ លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមអយ្យការសាលាដំបូងខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បានសំណូមពរទៅលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត គួរបង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនឈើដោយខុសច្បាប់ផង កុំដេកលក់អស់អញ្ចឹង។

តាមរយៈសំណេររបស់លោកដែលបង្ហោះក្នុងគ្រុបតេឡេក្រាមមួយ លោក វុធ សាវី ទំនងទ្រាំមិនបានចំពោះបទល្មើសព្រៃដែលកើតឡើងរាល់ថ្ងៃ តែមន្ត្រីជំនាញមិនបង្រ្កាប ម្យ៉ាងវិញទៀតដោយសារតែរយៈពេលប៉ុន្មានថ្ងៃ លោកលេច ឮព័ត៌មានថាមានបុគ្គលមួយចំនួនតូច យកឈ្មោះរបស់លោកទៅកាងបទល្មើសដឹកជញ្ជូនឈើតាមរថយន្តដោយខុសច្បាប់ទៀតផង។

លោក វុធ សាវី បានរៀបរាប់ថា «ដោយខ្ញុំបាទទើបតែទទួលព័ត៌មានថា មានមន្ត្រីមួយចំនួនដូចជាខាងព្រៃឈើ និងខាងសមត្ថកិច្ចមួយចំនួនតូច បានយកឈ្មោះខ្ញុំបាទទៅដឹកឈើពីខេត្តព្រះវិហារ ទៅខេត្តកំពង់ធំ ក៏ដូចជាខេត្តផ្សេងៗ ខ្ញុំបាទសូមបញ្ជាក់ថា ខ្ញុំបាទគ្មានពាក់ព័ន្ធជាមួយឧក្រិដ្ឋជនទាំងនោះឡើយ។ រូបខ្ញុំបាទមានសមត្ថភាពក្នុងការរស់នៅ និងហូបចុកប្រចាំថ្ងៃហើយ ត្រឹមបាយ៣ពេលក្នុងមួយថ្ងៃ និងរបស់ប្រើប្រាស់មួយចំនួន មិនចាំបាច់ដល់ថ្នាក់រកស៊ីបំផ្លាញធនធានធម្មជាតិដូចអស់លោកមួយចំនួនតូចទេ។ ហើយពេលនេះខ្ញុំបានដឹងអស់ហើយថាបុគ្គលណាខ្លះនៅពីក្រោយឡានទាំងនោះ ខ្ញុំបាទនឹងមានចំណាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គលទាំងនោះ ខ្ញុំបាទសូមបញ្ជាក់ថា ខ្ញុំបាទគ្មានសាច់ញាតិ បងប្អូនឬមិត្តភ័ក្រណារកស៊ីខុសច្បាស់ដឹកឈើតាមឡានសាំយ៉ុងចេញពីខេត្តព្រះវិហារ ទៅកំពង់ធំ ឬខេត្តផ្សេងដូចពួកឧក្រដ្ឋិជនមួយចំនួននោះទេ»

ជាមួយគ្នានេះ លោក វុធ សាវី ក៏បានសុំស្នើដល់បងៗអ្នកសារព័ត៌មាន និងប្រធានបរិស្ថានមេព្រៃ និងសមត្ថកិច្ចពាក់ព័ន្ធ ជួយសហការបើឃើញឡានទាំងនោះដឹកពេលថ្ងៃ ឬពេលយប់ សូមជួយប្រាប់មកខ្ញុំបាទផង តាមលេខទូរស័ព្ទ 095 713333 , 068 667778។ ឡានលោក តុលា, ឡាន លោក បូណា, ឡាន NISSAN ពណ៌ក្រហម២គ្រឿង (កំពុងស៊ើរសួររកម្ចាស់ឡាន) និងឡានTACOMA ពណ៌ទឹកប្រាក់ (កំពុងស៊ើបម្ចាស់)។

ជាចុងក្រោយលោកក៏សំណូមពរជាពិសេសលោក នួន សុខុម និងប្រធានបរិស្ថានខេត្តព្រះវិហារ សូមមេត្តាចាប់ឲ្យបានផងកុំដេកលក់អស់៕