(ក្រចេះ)៖ លោក វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារគណបក្សខេត្ត-ឃុំ ចុះជួសំណេះសំណាលសាកសួរសុខទុក្ខបងប្អូន សមាជិកសមាជិកាបក្សជាង២០០នាក់ នៅក្នុងភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី។

នៅចំពោះមុខសមាជិកសមាជិកាគណបក្សប្រជាជន លោក វ៉ា ថន បានរម្លឹកថា ប្រទេសកម្ពុជាយើង ទើបតែមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍រយ:ពេល២៤ឆ្នាំនេះចុងក្រោយនោះទេ ក្រោមគោលនយោបាយដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យបងប្អូនមានសិទ្ធិសេរីភាពពេញលេញ ក្នុងការរស់នៅប្រចាំថ្ងៃឡើងវិញ ហើយគណបក្សប្រជាជនកម្ពុជា មិនដែលទុកចោលនរណាម្នាក់ឲ្យស្លាប់ដោយគ្មានអាហារហូប និងមិនដែលសន្យាហើយមិនធ្វើដូចគណបក្សនយោបាយដទៃនោះទេ។ ជាក់ស្តែងសមិទ្ធិផលរីកចម្រើនដូចសព្វថ្ងៃ ដែលបងប្អូនបានឃើញ និងទទួលបានគ្រប់វិស័យ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក វ៉ា ថន។

ប្រធានគណបក្សប្រជាជនខេត្តក្រចេះរូបនេះ បានបញ្ជាក់ទៀតថា «រាជរដ្ឋាភិបាល និងគណបក្សប្រជាជន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានការពារសុខមាលភាពប្រជាជនរបស់ខ្លួន ឲ្យចៀសផុតពីជំងឺរាតត្បាត ក្នុងនោះថែមទាំងជួយផ្តល់ថវិកា សម្ភារ និងស្បៀងអាហារដល់ប្រជាពលរដ្ឋដែលរងគ្រោះញាំញីក្នុងពេលជួបវិបត្តិជំងឺកូវីដ១៩ ដូច្នេះយើងត្រូវដឹងគុណ ដែលមិនអាចកាត់ថ្លៃបាន និងសុំឲ្យសមាជិកទាំងអស់ចូលរួមបន្តគាំទ្រ គោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំរដ្ឋាភិបាល ឲ្យបន្តរីកចម្រើនទៅមុខប្រកបដោយសុខសន្តិភាព»

ក្នុងឱកាសនោះដែរលោក វ៉ា ថន ក៏បានបង្ហាញឲ្យឃើញពីសមិទ្ធផល និងការអភិវឌ្ឍន៍ដែលដឹកនាំរាជរដ្ឋាភិបាល និងគណបក្សប្រជាជន។ លោកក៏បានបង្ហាញអំពីការងារដែលបក្សត្រូវបន្តអនុវត្តធ្វើបន្តទៀត, បង្ហាញពីលេខរៀង របស់គណបក្សឃុំ និងការគូសសន្លឹកឆ្នោតបានការ ដើម្បីជ្រើសរើសមេឃុំ និងថ្នាក់ដឹកនាំ ដែលបម្រើរាស្រ្ត និងកសាងអភិវឌ្ឍន៍សហគមន៍ និងប្រទេសជាតិពិតប្រាកដ មិនដូចគណបក្សនយោបាយដទៃ ដែលមិនបានធ្វើអ្វីសោះ ចាំតែថា និងសន្យាខ្យល់នោះឡើយ។

លោកក៏បានជំរុញស្នើសុំឲ្យបងប្អូនសមាជិកសមាជិកា សូមចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជន ដើម្បីរួមគ្នាបន្តកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យក្រោមដំបូលសន្តិភាពតែមួយ៕