(ភ្នំពេញ)៖ ខ្សែភាពយន្តខ្នាតធំ ​បែប​ស្នេហាឡិកឡក់ឡឺកឺ កំប្លែង កាច់កុង ឌឺដង ​និង​កំប្លែង សើច ​តាំងពីដើមរហូតដល់ចប់ មានចំណងជើងថា «អ្នកនាងម្ចាស់ឡឺកឺ» ដែលជាវណ្ណកម្មថ្មីមួយទៀត របស់ផលិតកម្ម មហាហង្ស បានបើកសម្ពោធចាក់បញ្ចាំង ជាផ្លូវការហើយ នាល្ងាច​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ នៅរោងភាពយន្ត លេជេន ទួលគោក ក្រោមវត្តមាន​តារាសម្ដែងល្បីៗ ជាច្រើនដួងចូលរួម ញ៉ាំងឲ្យពិធីសម្ពោធនេះ កាន់តែសប្បាយអធិកអធ័ម ប្លែកភ្នែកពីសំណាក់ទស្សនិកជន។

នៅក្នុងពិធីដាក់បញ្ចាំងជាផ្លុវការ រឿង «អ្នកនាងម្ចាស់ឡឺកឺ» របស់ផលិតកម្ម មហាហង្ស ​គេសង្កេតឃើញមានវត្តមាន តារាសម្តែងក្នុងរឿងល្បីៗ ដូចជា អ្នកនាង សុខសោម៉ាវត្តី, លោក ជា វណ្ណារិទ្ធ, លោក អូន ឧស្សាហ៍, អ្នកនាង ស៊ុ សុម៉ាលី ,កញ្ញា ពេជ្រ ចិន្តា និងតារាសម្ដែងមួយចំនួនទៀត ព្រមទាំងប្រិយមិត្ត យុវវ័យជាច្រើន​យ៉ាងកុះករ។

អ្វីដែលកាន់តែពិសេស និងធ្វើឲ្យមហាជនភ្ញាក់ផ្អើលនោះ គឺផលិតកម្មមហាហង្ស ដោយ​មានការហែរក្បួន Marching Band តាំងពីមុខចូលបរិវេណផ្សារទំនើប រហូតដល់ទីតាំង ក្នុងរោងភាពយន្តលេជេន ទួលគោក ដែលមានការទាក់ទាញអារម្មណ៍ជាខ្លាំង។

​សូមបញ្ជាក់ថា បន្ទាប់ពីបើកសម្ពោធ​ហើយនោះ រឿង«អ្នកនាងម្ចាស់ឡឺកឺ» នឹងចាក់បញ្ចាំងផ្លូវការ នៅថ្ងៃទី ១៩ ខែឧសភា ២០១៦ ថ្ងៃស្អែកនេះតទៅ គ្រប់រោងភាពយន្តទំនើបៗ ក្នុងរាជធានីភ្នំពេញ ដូចជា រោងភាពយន្ត Legend Cinemas​ រោងភាពយន្ត Platinum Cineplex រោងភាពយន្ត Major Cineplex ​រោងភាពយន្ត Platinum Cineplex ខេត្តសៀមរាប ​និង សាល​មហោស្រពសីហមុនី​ ខេត្តកំពង់ចាម​។

សូមប្រិយមិត្ត ក៏ដូចជាទស្សនិកជន ចូលទស្សនាឲ្យបានច្រើនកុះករ ដើម្បីជួយលើកស្ទួយវិស័យភាពយន្តខ្មែរ​ ឲ្យកាន់តែ​ប្រសើរឡើង ក្នុងន័យវិស័យភាពយន្ត​កាន់តែរីកចម្រើន និងឈានទៅមុខជានិរន្តន៍។ ទោះបីជាយ៉ាងណា តំណាងផលិតកម្ម មហាហង្ស បានអះអាងថា រឿង «អ្នកនាងម្ចាស់ឡឺកឺ» នឹងទទួលបានភាពជោគជ័យ ព្រោះផ្ទៃរឿងទាំងមូល មានភាពទាក់ទាញ ជាពិសេសឈុតឆាកកំប្លែង មានលក្ខណៈប្លែកពីគេ ហើយតួសម្ដែងសុទ្ធសឹងតែ មានបទពិសោធន៍ខ្ពស់ ធ្វើឲ្យសាច់រឿងទទួលបានការចាប់អារម្មណ៍ខ្លាំង៕