(កំពត)៖ ក្រោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋថា មានទីតាំងហ្គេមបាញ់ត្រី កំពុងបើកដំណើរការលេង ស្ថិតនៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពតនោះ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាឲ្យកម្លាំងនគរបាល ចុះទៅបង្ក្រាបតែម្តង ដោយឃាត់ខ្លួនមនុស្សចំនួន៥នាក់ និងដកហូតទូហ្គេមចំនួន២គ្រឿងផងដែរ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា «ក្រោយទទួលបានព័ត៌មានភ្លាម ខ្ញុំបានបញ្ជាឲ្យចុះបង្ក្រាបករណីតែម្តង ដោយដក ហូតទូចំនួន២គ្រឿង ឃាត់ខ្លួនម្ចាស់ម្នាក់ និងអ្នកចូលលេង៤នាក់»។

លោកស្នងការ បានថ្លែងថា សម្រាប់ល្បែងមួយនេះ គឺដាច់ខាតមិនឲ្យមាននោះទេ នៅក្នុងទឹកដីខេត្តកំពត ពីព្រោះវាបានធ្វើឲ្យប៉ះពាល់ ដល់សន្តិសុខតាមមូលដ្ឋានយ៉ាងខ្លាំង ដែលនាំឲ្យមានបទល្មើសកើតឡើង៕