(កំពង់ស្ពឺ)៖ លោក សាំង វណ្ណៈ ប្រធានក្រុមការងារ ចុះជួយឃុំព្រះនិពាន្វ ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ បានដឹកនាំសមាជិក សមាជិការ ហែរក្បួនឃោសនារកសំលេងឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៥ ដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី៥ ខែមិថុនា ខាងមុខនេះ។

ក្នុងឱកាសដឹកនាំក្បួននោះ លោក សាំង វណ្ណៈ អំពាវនាវដល់ប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍកសាងសមិទ្ធិផលនានា បន្ថែមទៅលើសមិទ្ធិផលជាច្រើនរាប់មិនអស់ របស់គណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានោះ លោកប្រធានក្រុមការងារក៏បានរំលឹកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជាក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបកាប់សម្លាប់ដែលដឹកនាំដោយបនប្រល័យពូជសាសន៍ ប៉ុល ពត ។

«ការដឹកនាំប្រកបដោយភាពឆ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាំងពីបាតដៃទទេ រហូតមកដល់មានការអភិវឌ្ឍគ្រប់ទីកន្លែង ទូទាំងប្រទេស និងមានមុខមាត់កិត្តិស័ព្ទស្មើមុខ ស្មើមាត់ជាមួយប្រទេសផ្សេងៗលើពិភពលោក»។ នេះជាការលើកបង្ហាញនូវគុណសម្បត្តិសម្តេចតេជោ ពីសំណាក់លោក សាំង វណ្ណៈ។

បន្ថែមពីលើនោះ លោក សាំង វណ្ណៈ លើកឡើងពីការស្វែងរកវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្ការទប់ស្កាត់រាលដាល នៃជំងឺដ៏កាចសាហាវ ដែលបានធ្វើឲ្យប៉ះពាល់ដល់ប្រទេសកម្ពុជា និងពិភពលោកទាំងមូល ។

ពិធីដង្ហែរក្បួនឃោសនានេះ បានធ្វើឡើងតាមភូមិទាំង២៧ ក្នុងឃុំព្រះនិពាន្វ មានប្រជាពលរដ្ឋចេញមកគាំទ្រក្បួនដង្ហែរ ដោយមានទទួលជាទឹក និងផ្លែឈើជូនដល់ក្រុមការងារពិសារផងដែរ ។

លោកប្រធានក្រុមការងារបន្តថា បោះឆ្នោតជួនគណបក្សប្រជាជននឹងបន្ត សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម កែប្រែស្ថានភាព កម្ពុជាពីប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតក្នុងពិភពលោក មកជាប្រទេសមានចំណូលមធ្យម កម្រិតទាប គឺជាសមិទ្ធផលដែលបានមកពីការអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយកែ ទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងទូលំទូលាយលើមូលដ្ឋាននៃការពង្រឹងអភិបាលកិច្ចល្អនៅគ្រប់ថ្នាក់ និងគ្រប់ផ្នែក។

ដើម្បីឈានឆ្ពោះសម្រេចបាននូវការប្តេជ្ញាចិត្តខាងនយោបាយក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ របៀបវារៈគោលនយោបាយជាអាទិភាពមួយរបស់គណ បក្សប្រជាជនកម្ពុជា គឺការបន្តជំរុញដំណើរការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងទូលំទូលាយ រួមមាន ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការកែទម្រង់ការគ្រប់គ្រងធនធានធម្មជាតិ និង បរិស្ថាន, ការកែទម្រង់ការគ្រប់គ្រងដីធ្លី លំនៅឋាន សំណង់ និងការគ្រប់គ្រងទីក្រុង ទីប្រជុំជន ព្រមទាំង វិស័យដទៃៗទៀតឲ្យមានភាពប្រទាក់ក្រឡាគ្នា និងមានប្រសិទ្ធភាពខ្ពស់ ដោយឈរលើគោលការណ៍អភិបាលកិច្ចល្អ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព និងដើម្បីធានាឲ្យប្រជាជន
កម្ពុជាគ្រប់ៗរូប ទទួលបានអត្ថប្រយោជន៍ប្រកបដោយសមធម៌ពីការអភិវឌ្ឍលើគ្រប់វិស័យក្នុងសង្គម៕