(ឧត្តរមានជ័យ)៖ បេក្ខជនមេឃុំគណបក្សភ្លើងទៀន នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យឈ្មោះ សន ចាន់ថន បានចេញវីដអូសុំទោសជាសាធារណៈ ក្រោយទទួលស្គាល់កំហុសរបស់ខ្លួន ដោយបានផ្តល់ព័ត៌មានមិនពិតទៅឲ្យវិទ្យុអាស៊ីសេរីផ្សាយថា ខ្លួនត្រូវបានជនមិនស្គាល់មុខធាក់ផ្តួលម៉ូតូពីក្រោយ នៅពេលចូលរួមឃោសនារកសម្លេងឆ្នោត បណ្តាលឲ្យរបួសជើងម្ខាង ស្ថិតនៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

ប៉ុន្តែតាមការពិត ក្រោយការសួរនាំរបស់នគរបាលជំនាញខេត្តឧត្តរមានជ័យអស់រយៈជាង៣ម៉ោងរួចមក ទើបស្រីរូបនេះបានឆ្លើយសារភាពថា មិនមានការធាក់ផ្តួលពីក្រោយពីសំណាក់ជនមិនស្គាល់អត្តសញ្ញាណណានោះឡើយ ពោលគ្រាន់តែជិះម៉ូតូកៀរគ្នាបន្តិចបន្តួចប៉ុណ្ណោះ។ មូលហេតុដែលនាំខ្លួនផ្តល់ព័ត៌មានមិនពិតទៅឲ្យវិទ្យុអាស៊ីសេរីផ្សាយនេះ ក្នុងគោលបំណងចំណេញនយោបាយ និងចង់បានសំឡេងគាំទ្រពីប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា វិទ្យុអាស៊ីសេរី បានផ្សាយថា ស្រ្តីឈ្មោះ សន ចាន់ថន បេក្ខជនមេឃុំគណបក្សភ្លើងទៀន នៅឃុំត្រពាំងប្រាសាទ បានអះអាងថា មានជនមិនស្គាល់មុខពីរនាក់បានជិះម៉ូតូ ធាក់ផ្តួលម៉ូតូលោកស្រី ក្រោយពី ចូលរួមឃោសនារកសំឡេងឆ្នោតបណ្តាលឲ្យរបួសជើងម្ខាង ស្ថិតនៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

តាមការផ្សាយរបស់វិទ្យុអាស៊ីសេរី ស្រ្តីរូបនេះចាត់ទុករឿងនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដើម្បីរារាំងកុំឲ្យខ្លួនចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន។ គាត់បើទោះជាជួបគ្រោះថ្នាក់បែបនេះក្ដី ក៏គាត់មិនប្ដឹងទៅប៉ូលិស ដើម្បីឲ្យតាមចាប់ជនប្រព្រឹត្តមកផ្តន្ទាទោសដែរព្រោះគ្មានជំនឿទៅលើសមត្ថកិច្ច។

ក្រោយទទួលបានព័ត៌មានភ្លាម ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានចាត់កម្លាំងជំនាញចុះស្រាវជ្រាវ និងបានកោះអញ្ជើញឈ្មោះ សន ចាន់ថន មកសាកសួរនៅប៉ុស្តិ៍នគរបាល រដ្ឋបាលត្រពាំងប្រាសាទ កាលពីថ្ងៃទី២៨ ខែឧសភា។

ស្រ្តីរូបនេះ បានផ្តល់ចម្លើយ និងអះអាងថា ជាគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យ (ការកៀរគ្នា) ហើយគាត់ក៏បានផ្តល់ចម្លើយទៅវិទ្យុអាស៊ីសេរីដូចគ្នា និងការផ្តល់ចម្លើយដល់សមត្ថកិច្ច។ ដោយចម្លើយមិនដូចទៅនិងការផ្សាយ របស់សារព័ត៌មាន វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ កម្លាំងនគរបាលខេត្ត ក៏បានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានធ្វើការកោះអញ្ជើញឈ្មោះ សន ចាន់ថន មកធ្វើការសាកសួរ និងផ្តល់ចម្លើយម្តងទៀតនៅអធិការដ្ឋាននគរបាលស្រុក។

ក្រោយបន្តនីតិ វិធីសាកសួរដេញដោលអស់រយៈពេល ៣ម៉ោង និង៣០នាទី ស្រ្តីរូបនេះបានដឹងពីកំហុសរបស់ខ្លួនដោយសារភាពថា ដោយកាត់ចង់ចំណេញផ្នែកនយោបាយ និងឲ្យប្រជាពលរដ្ឋគាំទ្រសំឡេងបានច្រើន ទើបគាត់ផ្តល់ចម្លើយខុសទៅសារព័ត៌មាន វិទ្យុអាស៊ីសេរី ធ្វើឲ្យអាប់ឱនកិត្តិយសរបស់ប្រទេសជាតិ។ គាត់បានធ្វើការសូមទោស ចំពោះថ្នាក់ដឹកនាំ ពិសេសកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយធ្វើជាលាយលក្ខណ៍ជាអក្សរ និងការនិយាយដោយថតជាវីដេអូ៕