(កំពង់ចាម)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកងមាស បានបន្តអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅឃុំអង្គរបាន និងឃុំខ្ចៅ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ។

ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ បានលើកឡើងថា ស្រុកកងមាសមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ពិសេសគឺវិស័យអប់រំ ដោយប្រជាពលរដ្ឋ បានផ្តល់ទំនុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជន។ ក្រៅពីការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធទូទៅ ស្រុកកងមាសទាំងមូលទទួលបានអគារសិក្សាទាំងជួសជុល និងសាងសង់ថ្មីៗជាច្រើន វិទ្យាល័យពាមជីកងបានប្រែក្លាយជាសាលាជំនាន់ថ្មី សាលារៀននានាត្រូវបានបំពាក់ដោយបរិក្ខាទំនើប និងឧបករណ៍ឌីជីថលជំនួយដល់ការរៀន និងបង្រៀន លើកកម្ពស់គុណភាពអប់រំរបស់សិស្សានុសិស្ស ខណៈដែលអត្រានៃការប្រឡងជាប់មានការកើនឡើង។

មិនតែប៉ុណ្ណោះសិស្សានុសិស្សប្រមាណជាងមួយពាន់នាក់ ទទួលបានអាហារូបករណ៍ទៅសិក្សានៅរាជធានីភ្នំពេញ ទទួលបានកន្លែងស្នាក់នៅ និងការទំនុកបំរុងយ៉ាងកក់ក្តៅពីក្រុមការងារ។ ក្រៅពីនេះ សិស្សានុសិស្សមួយចំនួនមានឱកាសចូលរួមកម្មវិធីប្រកួតប្រជែងលំដាប់អន្តរជាតិដូចជា Technovation e-Icon ដែលបានផ្តល់ឱកាសដល់យុវជនក្នុងស្រុកកងមាសកសាងសមត្ថភាពកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះ ស្ត្រីជាម្តាយយុវជនម្នាក់ក្នុងស្រុកកងមាស បានបង្ហាញក្តីសប្បាយរីករាយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ឯកឧត្តមបណ្ឌិតសភាចារ្យ និងក្រុមការងារចុះជួយស្រុកកងមាស ដែលបានជួយជំរុញដល់ការសិក្សាកូនលោកស្រី ផ្តល់អាហារូបករណ៍សិក្សានៅរាជធានីភ្នំពេញរហូតបញ្ចប់ការសិក្សា និងមានការងារធ្វើ។ លោកស្រីបានប្តេជ្ញាចិត្ត បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យគណបក្សប្រជាជនអាចបន្តជួយលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋក្នុងស្រុកកងមាសជាបន្តទៀត។

លោកបណ្ឌិតសភាចារ្យ បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបញ្ជូនកូនទៅសិក្សា ដោយក្រុមការងារនឹងជួយជ្រុមជ្រែង និងផ្តល់អាហារូបករណ៍ ដើម្បីលើកមុខមាត់ស្រុកកងមាស។ លោករដ្ឋមន្ត្រី បានប្តេជ្ញាកែលម្អវិស័យអប់រំក្នុងស្រុកកងមាស និងទូទាំងប្រទេសឱ្យកាន់តែប្រសើរឡើង៕