(បាត់ដំបង)៖ ដោយបានគោលការណ៍អនុញ្ញាតពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានរដ្ឋបាល បានរៀបចំក្រុមការរបស់ក្រសួង សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ដល់រដ្ឋបាល រាជធានី ខេត្តទូទាំងប្រទេស។

ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ, លោក សឿម ប៊ុនរិទ្ធ
អភិបាលរងខេត្តតំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោក បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃគណ:កម្មការជាតិគ្រប់គ្រងសម្រាម សំណល់រឹង ទីប្រជុំជន និងជាប្រធាននា
យកដ្ឋានមុខងារ និងធនធាន ក្រសួងមហាផ្ទៃ , លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ, លោក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង(តំណាង
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម) ដោយមានចូលរួមពីថ្នាក់អភិបាលរង, នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស, ប្រធានការិយាល័យកសាងសមត្ថភាព ទូទាំង២៥រាជធានីខេត្តចូលរួមផងដែរ។

លោក បួន ហេង បានរាយការណ៍នៃការរៀបចំសេចក្តីណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់ ដូចតទៅ៖

*ផ្អែកតាមខ្លឹមសារមាត្រា២០ មាត្រា២១ មាត្រា២២ និងមាត្រា២៣ នៃអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ដីពីការបង្កើតយន្តការច្រក ចេញចូលតែមួយសម្រាប់ការផ្ដល់សេវារដ្ឋ
បាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលឃុំ សង្កាត់ត្រូវរៀបចំឱ្យមានយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន ហើយក្រសួងមហាផ្ទៃត្រូវផ្តល់ការណែនាំអំពីទម្រង់បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់សម្រាប់ការស្នើសុំសេវារដ្ឋបាលនៅយន្តការច្រកចេញចូលតែមួយនេះឱ្យមានលក្ខណៈសាមញ្ញ ងាយយល់ និងច្បាស់លាស់

*ឈរលើមូលដ្ឋាននេះ ក្រុមការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល បានចុះសិក្សាអំពីដំណើរការ នៃការផ្តល់សេវារដ្ឋបាល និងប្រមូលទម្រង់បែបបស្នើសុំសេវាដែលកំពុងអនុវត្តនៅរដ្ឋបាលឃុំ សង្កាត់ចំនួន០៥
គោលដៅ ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំសេចក្តីព្រាងសេចក្តីណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់។ ឃុំ សង្កាត់ទាំងនោះរួមមាន៖ សង្កាត់ភ្លើងឆេះរទេះ សង្កាត់ចោមចៅ សង្កាត់ដង្កោ នៃរាជធានីភ្នំពេញ សង្កាត់តាខ្មៅ និងឃុំព្រែកគយ នៃខេត្តកណ្តាល

*តាមរយៈការចុះសិក្សា និងប្រមូលឯកសារនៅរដ្ឋបាលឃុំសង្កាត់ទាំង៥ ក្រុមការងារអាចវាយតម្លៃអំពីស្ថានភាពជារួមនៃការផ្ដល់សេវារដ្ឋបាលនៅថ្នាក់ឃុំសង្កាត់បានថា៖

*ទី១៖ ប្រភេទសេវារដ្ឋបាល៖ រដ្ឋបាលឃុំ សង្កាត់កំពុងផ្ដល់សេវារដ្ឋបាលចំនួនពីរប្រភេទធំៗ រួមមាន៖ ការងារអត្រានុកូលដ្ឋាន (ចំនួន១០សេវា) និងការចេញលិខិតបញ្ជាក់នានា (ចំនួន១៣សេវា) ដូចមាន
កំណត់នៅក្នុងប្រកាសអន្តរក្រសួងលេខ១៤៣៤២ ប្រក.ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

*ទី២៖ ទម្រង់បែបបទសម្រាប់ការស្នើសុំសេវារដ្ឋបាល៖ កន្លងមក ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធមិនបានធ្វើការណែនាំឱ្យបានច្បាស់លាស់ អំពីទម្រង់បែបបទនៃការស្នើសុំសេវានីមួយៗ តម្រូវការឯកសារភ្ជាប់ និងគំរូលិខិតបញ្ជាក់ដែលមានលក្ខណៈជាស្ដង់ដាររួមតែមួយ នៅឡើយទេ។ រដ្ឋបាលឃុំ សង្កាត់នីមួយៗបានរៀបចំជាទម្រង់បែបបទមួយចំនួន សម្រាប់ការផ្ដល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដោយផ្អែកទៅតាមស្ថានភាព និងលក្ខណៈភូមិសាស្ត្រ ដែលជាហេតុធ្វើឱ្យទម្រង់បែបបទទាំងនេះមានលក្ខណៈខុសៗគ្នាពីតំបន់មួយទៅតំបន់មួយ។

*ទី៣៖ យោងតាមលទ្ធផលនៃការសិក្សានេះ ក្រុមការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល បានរៀបចំតាក់តែងសេចក្ដីព្រាងសេចក្តីណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ដែលផ្ដោតជាសំខាន់លើការរៀបចំទីកន្លែង ការរៀបចំបុគ្គលិក នីតិវីធីនៃការផ្ដល់សេវារដ្ឋបាល និងគំរូទម្រង់បែបបទឯកសារភ្ជាប់សម្រាប់ការផ្ដល់សេវាតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំសង្កាត់

*ទី៤៖ សេចក្តីព្រាងសេចក្តីណែនាំនេះ ត្រូវបានដាក់ឆ្លងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាល និងនាយកដ្ឋានពាក់ព័ន្ធនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ដើម្បីពិនិត្យ និងផ្តល់យោបល់បន្ថែមឱ្យមានសង្គតិភាពជាមួយនឹង លិខិតបទដ្ឋានផ្សេងៗទៀត។ បន្ទាប់មក ក្រុមការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាលក៏បានយកសេចក្ដីព្រាងសេច ក្ដីណែនាំនេះទៅពិគ្រោះយោបល់ជាមួយតំណាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ និងជាមួយតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២

*ទី៥៖ ក្រោយពីទទួលបានមតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ក្រុមការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាលបានរៀបចំកែសម្រួលជាលើកចុងក្រោយ និងបានស្នើសុំហត្ថលេខាដ៏ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២

*ទី៦៖ សេចក្ដីណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ចែកចេញជា៥ ចំណុច រួមមាន៖ ១.ការរៀបចំយន្តការច្រកចេញចូលតែមួយ ២.តួនាទី ភារកិច្ច និងការរៀបចំបុគ្គលិក ៣.នីតិវិធីនៃការផ្ដល់សេវា ៤.ទម្រង់បែបបទស្នើសុំសេវារដ្ឋបាល ៥.ការគាំទ្រ ការផ្សព្វផ្សាយ និងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និង៦.ការសម្រុះសម្រួលដោះស្រាយបណ្ដឹង។

សម្រាប់ខ្លឹមសារលម្អិតនៃសេចក្ដីណែនាំនេះ តំណាងនាយកដ្ឋានមុខងារ និងធនធាននឹងធ្វើបទបង្ហាញជូនអង្គពិធីទាំងមូលនាពេលបន្តិចទៀតនេះ។

លោក ប្រាក់ សំអឿន បានបញ្ជាក់ថា បន្ទាប់ពីការធ្វើបទបង្ហាញ និងការបកស្រាយបំភ្លឺលើសំណួរនានាពាក់ព័ន្ធនឹងខ្លឹមសារសេចក្ដីណែនាំលេខ០១៨ លោកសូមធ្វើការផ្ដាំផ្ញើ និងណែនាំអំពីការងារមួយចំនួនដែលរដ្ឋបាលរាជធានី ខេត្តត្រូវអនុវត្តបន្ដនៅពេលត្រឡប់ទៅវិញ ដូចខាងក្រោម៖

*ទី១៖ ត្រូវចម្លងចែកសេចក្ដីណែនាំលេខ០១៨សណន ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ជូនគ្រប់រដ្ឋបាលឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

*ទី២៖ អភិបាលរងរាជធានីខេត្ត ដែលបានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះ ត្រូវរាយការណ៍ពីលទ្ធផលនៃកិច្ចប្រជុំនេះជូនអភិបាលរាជធានី ខេត្ត និងត្រូវរៀបចំក្រុមការងារសម្រាប់ផ្សព្វផ្សាយសេចក្តីណែ
នាំនេះបន្ដជូនដល់រដ្ឋបាលឃុំ សង្កាត់ក្នុងរាជធានី ខេត្តរបស់ខ្លួន។ ការផ្សព្វផ្សាយបន្ដជូនគ្រប់រដ្ឋបាលឃុំ សង្កាត់ត្រូវធ្វើឡើងក្រោយការប្រកាសសុពលភាពនិងការចូលកាន់តំណែងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥នេះ។

*ទី៣៖ រដ្ឋបាលរាជធានី ខេត្តត្រូវកំណត់កាលបរិច្ឆេទជាក់លាក់មួយសម្រាប់ដាក់ឱ្យដំណើរការយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្ដល់សេវារដ្ឋបាលនៅគ្រប់រដ្ឋបាលឃុំ សង្កាត់របស់ខ្លួន។ ការកំណត់កាលបរិច្ឆេទនេះ គួររៀបចំឱ្យបានឆាប់រហ័ស ដោយមិនត្រូវអូសបន្លាយពេលវេលាយូរទេ។

*ទី៤៖ រដ្ឋបាលរាជធានី ខេត្តត្រូវផ្ដល់ការគាំទ្រឱ្យបានពេញទំហឹងដល់ការរៀបចំ និងការដាក់ឱ្យដំណើរការយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្ដល់សេវារដ្ឋបាលនៅគ្រប់រដ្ឋបាលឃុំ សង្កាត់។ ក្នុងករណីរដ្ឋបាលរាជធានី ខេត្តមានភាពមិនច្បាស់លាស់លើចំណុចណាមួយនៅក្នុងសេចក្ដីណែនាំ ត្រូវទាក់ទងសាកសួរព័ត៌មាន ឬស្នើសុំការបញ្ជាក់បន្ថែមពីក្រុមការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល ជាពិ
សេសនាយកដ្ឋានមុខងារ និងធនធាន ដែលជានាយកដ្ឋានជំនាញតែម្ដង។

*ទី៥៖ រដ្ឋបាលរាជធានី ខេត្តត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃឱ្យបានទៀតទាត់លើការផ្ដល់សេវារដ្ឋបាលតាមរយៈយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ទាំងលើការរៀបចំទីកន្លែង ការរៀបចំបុគ្គលិក នីតិវិធីនៃការផ្ដល់សេវា និងការប្រើប្រាស់ទម្រង់បែបបទនានា។

ឆ្លៀតក្នុងឱកាសនេះ លោកបានបញ្ជាក់បន្ថែមថា ទម្រង់បែបបទនានាដែលជាឧបសម្ព័ន្ធភ្ជាប់នឹងសេចក្ដីណែនាំលេខ០១៨នេះ ត្រូវប្រើប្រាស់សម្រាប់ការផ្តល់សេវានៅរដ្ឋបាលឃុំ សង្កាត់ជាទូទៅ និងមិនពាក់ព័ន្ធទៅនឹងទម្រង់បែបបទ ដែលមានការណែនាំពីក្រសួង ស្ថាប័នផ្សេងនោះទេ។ សេចក្ដីណែនាំនេះ មិនមានគោលដៅទៅលុបចោលទម្រង់បែបបទ ដែលមានការណែនាំពីក្រសួង ស្ថាប័ននានារួចហើយនោះទេ ដូចជាទម្រង់បែបបទស្នើសុំសេវាពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម ឬទម្រង់ឯកសារដែលជាលក្ខខណ្ឌភ្ជាប់នៅក្នុងឯកសារស្នើសុំសេវារបស់ក្រសួង ស្ថាប័ននានា។ រដ្ឋបាលឃុំ សង្កាត់ត្រូវបន្តប្រើប្រាស់ទម្រង់បែបបទទាំងនោះដដែល រហូតមានការណែនាំថ្មី។

*ទី៦៖ ក្នុងករណីមានបណ្ដឹងតវ៉ានានាពាក់ព័ន្ធនឹងការផ្ដល់សេវារដ្ឋបាលតាមរយៈយន្តការច្រកចេញចូលតែមួយ រដ្ឋបាលឃុំ សង្កាត់នីមួយៗត្រូវខិតខំព្យាយាមសម្រុះសម្រួលនិងដោះស្រាយបណ្ដឹងតវ៉ាទាំងនោះឱ្យបានឆាប់រហ័ស និងប្រកបដោយយុត្តិធម៌។ ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិដាក់ពាក្យបណ្តឹង ឬផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងការផ្តល់សេវានៅរដ្ឋបាលឃុំ សង្កាត់ទៅការិយាល័យប្រជាពល
រដ្ឋក្រុង ស្រុក ខណ្ឌ ដែលឃុំ សង្កាត់នោះស្ថិតនៅ ប្រសិនបើពួកគាត់មិនពេញចិត្តនឹងការផ្តល់សេវារបស់រដ្ឋបាលឃុំ សង្កាត់នោះ។

លោក កែវ រតន: អនុប្រធានាយកដ្ឋានមុខងារ និងធនធានក្រសួងមហាផ្ទៃ បានឡើងធ្វើបទបង្ហាញលម្អិត នៃកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវា រដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាលឃុំ សង្កាត់ដល់កិច្ចប្រជុំនេះបានយល់ច្បាស់ និងបានឆ្លើយចម្ងល់របស់សមាជិកអង្គប្រជុំផងដែរ៕