(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នគបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានបញ្ជនជនដៃដល់ជាប្តីឈ្មោះ ភួង រដ្ឋា អាយុ២៧ឆ្នាំ ដែលបានយកកាំបិតប៉័ងតោអារ-ក ប្រពន្ធផ្តាច់ចេញពីស្មាយ៉ាង អណោចអាធមស្លាប់ក្នុងថ្លុកឈាម យកទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ និងឈានទៅរកការចោទប្រកាន់ជនដៃដល់រូបរូបនេះតាមច្បាប់ជាធរមាន។

តាមរបាយការណ៍របស់សមត្ថកិច្ច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ បានរៀបរាប់ពីដំណើរឿងថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៤៖៤០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការគ្នាស្រាវជ្រាវធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្តែងពីបទឃាតកម្ម «ប្រើកាំបិតបុ័ងតោកាត់ក្បាលសម្លាប់ជនរងគ្រោះជាប្រពន្ធ»។

ជនដៃដល់ត្រូវឃាត់ខ្លួនបាននៅចំណុចមុខអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ផ្លូវជាតិលេខ៥ ភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចផ្ទះលេខ១៥ (បន្ទប់ជួលលេខ០៧) ជាន់ទី១ ផ្លូវលេខ៥៣០ ក្រុមទី១៥ ភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៨៖៣០នាទី។

ជនសង្ស័យឈ្មោះ ភួង រដ្ឋា អាយុ២៧ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅផ្ទះលេខ១៥ (បន្ទប់ជួលលេខ០៧) ជាន់ទី១ ផ្លូវលេខ៥៣០ ក្រុមទី១៥ ភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដោយឡែកស្រ្តីរងគ្រោះ ដែលស្លាប់យ៉ាងអណោចអធមនោះមានឈ្មោះ លី ស្រីនុច អាយុ២៣ឆ្នាំ មុខរបរអ្នកអនាម័យក្នុងបូរីសាន់វេទួលគោក ស្នាក់នៅផ្ទះលេខ១៥ (បន្ទប់ជួលលេខ០៧) ជាន់ទី១ ផ្លូវលេខ៥៣០ ក្រុមទី១៥ ភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួម៖ ទូរស័ព្ទដៃ០២គ្រឿងម៉ាក I phone 6 ពណ៌ទឹកមាស និងម៉ាក I phone 5 ពណ៌ខ្មៅ និងម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី2022 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JK-7276។

តាមដំណើររឿងហេតុ៖ កាលពីដើមឆ្នាំ២០២០ ជនដៃដល់ឈ្មោះ ភួង រដ្ឋា បានស្រលាញ់គ្នា និងយកគ្នាជាប្តីប្រពន្ធជាមួយឈ្មោះ លី ស្រីនុច (សព) ដោយមិនបានរៀបអាពាហ៍ពិពាហ៍ទេ ដោយបង្កើតបានចំណងដៃ កូនប្រុសម្នាក់ឈ្មោះ វ៉ៃ យុ អាយុ០១ឆ្នាំជាង។ លុះមកដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ០៦៖០០នាទីល្ងាច ជនសង្ស័យឈ្មោះ ភួង រដ្ឋា និងប្រពន្ធឈ្មោះ លី ស្រីនុច នៅក្នុងបន្ទប់ជាមួយគ្នា ដោយសារតែភ្លើងប្រច័ណ្ឌ និងខ្លាចប្រពន្ធរត់ចោលខ្លួនដូចប្រពន្ធទី១ឈ្មោះ ឆ.ស.វ ទៀតនោះ (ជនសង្ស័យធ្លាប់មានប្រពន្ធម្ដងរួចមកហើយ ត្រូវបានប្រពន្ធរត់ចោល)។

ជនដៃដល់មានអារម្មណ៍ខឹងប្រពន្ធខ្លាំងណាស់ដោយចោទប្រកាន់ប្រពន្ធ ថាផិតក្បត់ខ្លួនបំរុងរត់ចោល។ លុះមកដល់ម៉ោងប្រហែល ០៦៖៣០នាទីល្ងាចថ្ងៃដដែល នៅពេលដែលជនរងគ្រោះ កំពុងលេងទូរស័ព្ទដៃមើលហ្វេសប៊ុក ស្រាប់តែជនសង្ស័យបានយកកាំបិតបុ័ងតោពីចង្ក្រានបាយយកមកធ្វើសកម្មភាពកាត់ក្បាលរបស់ជនរងគ្រោះខាងក្រោយ បណ្តាលឲ្យដាច់ក្បាលចេញពីខ្លួនហូរឈាមស្រោចស្លាប់នៅនឹងកន្លែង។

ក្រោយពេលសម្លាប់ប្រពន្ធរួច ជនដៃដល់ក៏បានយកក្បាលប្រពន្ធដាក់ក្នុងបាវដាក់អង្ករ ដែលមានអង្ករក្នុងបាវនោះប្រហែលចំនួន៥គីឡូក្រាម រួចហើយជនដៃដល់ ក៏បានចាក់សោបន្ទប់ហើយយកបាវអង្ករដែលដាក់ក្បាលប្រពន្ធ យួរដើរតាមជណ្តើរមកក្រោមជាន់ផ្ទាល់ដី។

ពេលនោះក៏មានសាក្សីឈ្មោះ មន ស្រីល័ក្ខ ភេទស្រី អាយុប្រហែល២០ឆ្នាំ ដែលត្រូវជាមិត្តភ័ក្ត្ររបស់ជនរងគ្រោះបានសួរជនសង្ស័យថា «បងក្នុងបាវមានអី» ពេលនោះជនដៃដល់បានសួរទៅឈ្មោះ ស្រីល័ក្ខ ថា៖ «យក ឬអត់?» រួចហើយជនដៃដល់ បានចង្អុលក្បាលរបស់គេ (ក្បាលជនដៃដល់) នៅចំពោះមុខឈ្មោះ មន ស្រីល័ក្ខ ដែលបង្គាប់ន័យថា ក្នុងបាវនោះគឺជាក្បាលមនុស្ស ប៉ុន្តែឈ្មោះ មន ស្រីល័ក្ខ មិនចាប់អារម្មណ៍ទេ។ ក្រោយពីនិយាយគ្នាចប់ឈ្មោះ មន ស្រីល័ក្ខ ក៏ចូលទៅក្នុងបន្ទប់គេបិទទ្វារទៅ ចំណែកជនដៃដល់ក៏បានយកបាវដាក់ក្បាលប្រពន្ធ យកមកទុកចោលនៅក្បែរម៉ាស៊ីនបោកខោអាវរបស់ម្ចាស់ផ្ទះជួលនៅក្បែរជណ្តើរឡើងជាន់ផ្ទាល់ដី រួចជនដៃដល់ ក៏ឡើងជិះម៉ូតូ០១គ្រឿង ម៉ាក Honda DreamC125 ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JK-7276 ជិះគេចខ្លួនទៅស្រុកកំណើតនៅ ភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ដើម្បីលាក់ខ្លួន។

លុះមកដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៤៖៤០នាទី ជនដៃដល់ បានជិះគេចខ្លួនមកដល់ផ្លូវជាតិលេខ០៥ ភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្នុងគោលបំណង់គេចខ្លួនទៅ ខេត្តកំពង់ឆ្នាំង ក៏ត្រូវកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនដៃដល់ រួចនាំយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា កាលពីកំឡុង ឆ្នាំ២០១២ ជនដៃដល់បានរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ជាមួយប្រពន្ធទី១-ឈ្មោះ ឆ.ស. អាយុ៣១ឆ្នាំ រស់នៅស្រុកជុំគិរី ខេត្តកំពត ដោយបានបង្កើតកូនស្រីម្នាក់ឈ្មោះ ម.រ.វ អាយុ០៨ឆ្នាំ។ ជនដៃដល់បានយកប្រពន្ធទី១របស់ខ្លួន មករស់ជាមួយម្តាយនៅខេត្តតាកែវ។ ដោយសារតែជនដៃដល់បានប្រើប្រាស់គ្រឿងញៀន និងដើរលេងល្បែងហ្គេមបាញ់ត្រី មិនសូវចូលផ្ទះប្រពន្ធ ក៏បាននាំកូនស្រីរត់ចោលបាត់ទៅ លុះនៅពេលបានជួបជាមួយជនរងគ្រោះ លី ស្រីនុច (សព) ក៏ស្រឡាញ់រស់នៅជាមួយគ្នា ប៉ុន្តែដោយសារការប្រច័ណ្ឌខឹងលើប្រពន្ធ ខ្លាចរត់ចោលខ្លួនដូចប្រពន្ធមុនទៀត ទើបកើតចិត្តខឹងក៏យកកាំបិតបុ័ងតោសម្លាប់ប្រពន្ធតែម្ដង៕