(ភ្នំពេញ៖ ក្រោយពីធ្វើសកម្មភាពបានរយៈពេល ៦ម៉ោង និងទទួលពាក្យបណ្ដឹងពាក់ព័ន្ធនឹងមុខសញ្ញាលួចកាច់កម៉ូតូមួយកន្លែង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ។ ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង ១១៖០០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ យ៉ាន ធាវី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅផ្ទះលេខ៩៧ផ្លូវ៩៩ ក្រុមទី៨ ភូមិទួលសង្កែ សងា្កត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ មុខរបរលក់ដូរ។

ចំណែកឯជនសង្ស័យ រួមមាន ឈ្មោះធីម តាំងលីម ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់បន្ទប់ជួលនៅក្រុមទី៤ ផ្លូវលំ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) និងឈ្មោះ ណុប ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់បន្ទប់ជួល ផ្លូវលំ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។

សម្ភារៈដកហូតមានម៉ូតូ០១គ្រឿង ម៉ាកស្កូបពីពណ៌ស សា្លកលេខភ្នំពេញ ១DE-០៤៧២ (របស់ជនរងគ្រោះបានប្រគល់ជូនមា្ចស់វិញ)។ ម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ១CB-៩២៤៩ (ជារបស់ជនសង្ស័យ)។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា នៅថ្ងៃខែឆាំ្នដដែល វេលាម៉ោង ៨៖៣០នាទីយប់កើតហេតុ នារីជនរងគ្រោះខាងលើបានទុកម៉ូតូមុខហាង ភ្លេចដកកូនសោម៉ូតូ និងដើរចូលហាងបាត់។ គ្រានោះ មានជនសង្ស័យចំនួន ០២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក PCX មកឈប់មុខហាង។ ពេលឱកាសល្អ ពួកគេបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះបានសំរេច រួចគេចខ្លួនបាត់។

ក្រោយមក ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍។ ក្រោយទទួលបណ្តឹងសមត្ថកិច្ច បានប្រគល់ឲ្យផ្នែកជំនាញធ្វើការស្រាវជ្រាវ ត្រឹមតែ៤ម៉ោង កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ រួមទាំងវត្ថុតាងនៅចំណុចផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ វេលាម៉ោង ១១៖០០យប់ នាំមកប៉ុស្តិ៍ធ្វើការសាកសួរបន្ត។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងដកហូតបានខាងលើ ត្រូវបានជំនាញខណ្ឌប៉ុស្តិ៍កសាងសំណុំរឿងបញ្ចូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី៕