(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានសិក្សា អង្គការដៃគូរួមគ្នា បើកយុទ្ធនាការផ្សព្វផ្សាយសេចក្ដីណែនាំស្តីពីការហាមឃាត់ ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការតាំងលក់ផលិតផលថ្នាំជក់ និងកិច្ចសហការជាមួយឧស្សាហករថ្នាំជក់តាមគ្រឹះស្ថានឧត្តមសិក្សា ដើម្បីកាត់បន្ថយ និងឈប់ប្រើប្រាស់ផលិតផលថ្នាំជក់ និងគ្រឿងញៀន សំដៅរក្សាបាននូវសុខភាពល្អជូនសិស្ស និងក្រុមគ្រួសារ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ។

ពិធីផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅក្រោមអធិបតីលោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជេីញចូលរួមពីឧត្តមសេនីយ៍ទោ លឹម តុងហួត, វេជ្ជបណ្ឌិត ឆាយ គីមសុទ្ធាវី, លោក រ៉េត ចន្ទ័ធន, លោក មុំ គង់ តំណាង អង្គការចលនាដេីម្បីសុខភាពកម្ពុជា CMH, លោក យែល ដារ៉ុវុធ តំណាងអង្គការសុខភាពពិភពលោក WHO ព្រមទាំងនិស្សិតសកលវិទ្យាល័យ ប៊ែលធីសរុប ៣៣០នាក់។

លោក រ៉េត ចន្ទ័ធន សាកលវិទ្យាល័យរងប៊ែលធី បានស្វាគមន៍និងរបាយការណ៍ពីសកម្មភាពរបស់ប៊ែលធី ទាំងការងារសិក្សា និងការងារជួយសង្គម។

លោកវេជ្ជបណ្ឌិត មុំ គង់ និងលោក យ៉េល ដារ៉ាវុធ សុទ្ធតែបានលេីកយកមកបង្ហាញនូវបញ្ហា និងគ្រោះថ្នាក់នៃផលិតផលថ្នាំជក់ និងគ្រឿងញៀន ដែលតែងតែបំផ្លាញសុខភាពមនុស្ស និងសម្លាប់មនុស្សជារៀងរាល់ថ្ងៃលេីសាកលលោក និងកលល្បិចរបស់ឧស្សាហកម្មថ្នាំជក់ យុទ្ធសាស្ត្រទប់ស្កាត់។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ, ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា និស្សិតប៊ែលធីមិនមែនជាមុខសញ្ញាប្រេីប្រាស់ថ្នាំជក់ និងគ្រឿងញៀនទេ តែមុខសញ្ញាត្រូវបង្ការ អប់រំ ដេីម្បីក្លាយជាជនសកម្មជួយផ្សព្វផ្សាយបន្តទៅគ្រួសារ និងមនុស្សជាទីស្រឡាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀន និងថ្នាំជក់។

ថ្លែងក្នុងនាមលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោកស្រីបណ្ឌិត សឿ សុជាតា បានថ្លែងអំណរគុណដល់ស្ថាប័ន អង្គភាព និងអង្គការ CMH និងអង្គការ WHO និងសាកលវិទ្យាល័យប៊ែលធី ដែលបានរួមសហការផ្សព្វផ្សាយពីការហាមឃាត់ ការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការតាំងលក់ផលិតផលថ្នាំជក់ ដែលការងារសំខាន់ចាំបាច់សម្រាប់សុខភាពសិក្សា គឺការមិនប៉ះពាល់ មិនពាក់ព័ន្ធ នឹងបញ្ហាថ្នាំជក់ និងគ្រឿងញៀនហេីយនិស្សិតគ្រប់រូបជាទំពាំង ត្រូវស្នងឬស្សីដែលយេីងទាំងអស់គ្នាត្រូវតែមេីលថែដេីម្បីឱ្យទំពាំងលូតលាស់ល្អ ទេីបឬស្សីមានគុណភាពល្អ៕