(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិវាល ភូមិចាំស្រី និងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

លោក សៅ បូរីវឌ្ឍនៈ អភិបាលស្រុកកំពង់សីលា បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សា និងគណៈអភិបាលស្រុក សូមស្វាគមន៍ការផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ឃុំកំពង់សីលា មានភូមិក្រាំងអាត់ ភូមិចាំស្រី និងភូមិវាល ដែលនៅសងខាងផ្លូវជាតិលេខ៤ សំដៅពង្រឹងដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណងពង្រឹងគោលនយោបាយដីធ្លី និងពង្រឹងសុវត្ថិភាពនៃការកាន់កាប់ទីផ្សារដីធ្លី ទប់ស្កាត់ទំនាស់ដីធ្លីជាដើម។

លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានរាយការណ៍ពីការកំណត់តំបន់វិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវ ភៅគោលបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធមាន៥តំណាក់កាល៖

*ទី១៖ រៀបចំកំណត់តំបន់វិនិច្ឆ័យជូនដំណឹងផ្សព្វផ្សាយជាតំបន់ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីរៀបចំឯកសារអត្តសញ្ញាណ និងយកឯកសារមកគណកម្មការរដ្ឋបាលដីធ្លីជាមន្ត្រីជំនាញបំពេញនៃការចុះបញ្ជី
*ទី២៖ ប្រតិបត្តការបច្ចេកទេស បោះបង្គោលព្រំឲ្យបានច្បាស់ជាមុន និងមានការឯកភាពពីភាគីជាប់ព្រំដី
*ទី៣៖ បិទផ្សាយជាសាធារណនូវឯកសារវិនិច្ឆ័យក្បាលដី
*ទី៤៖ សម្រេចលើឯកសារទិន្នន័យក្បាលដី ដើម្បីរៀបចំរបាយការណ៍ចុះហត្ថលេខាពីឯកឧត្តមអភិបាល ខេត្តផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ
*ទី៥៖ កំណត់ពេលចេញបណ្ណ និងចែកបណ្ណជូនម្ចាស់ក្បាលដី។

លោក គួច ចំរើន បានបញ្ជាក់ថា ថ្ងៃនេះអាជ្ញាធរ និងប្រជាពលរដ្ឋបានមកជួបជុំគ្នាជាថ្មីម្តងទៀត ដើម្បីប្រកាសកំណត់តំបន់វិនិច្ឆ័យដីធ្លីលក្ខណៈជាប្រព័ន្ធលើកទី២ ព្រមទាំងនាំការផ្តាំផ្ញើសួសុខទុក្ខសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគេនដល់ព្រះតេជគុណគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋដែលបានចូលរួម។

លោកក៏បានកោតសរសើរលោកអភិបាលស្រុក ក៏ដូចជាមន្ទីរដែនដី បានខិតខំក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្ត ក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ និងវាយតម្លៃការខិតខំព្យាយាមរបស់មន្ត្រីសុរិយោដីអនុវត្តតួនាទី ភារកិច្ចផ្តល់ផ្លែផ្កា ផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ បានជាង៣ម៉ឺនប័ណ្ណ នាឆ្នាំកន្លងមក។ ថ្ងៃនេះជាក្រុមទី២ បានចុះកំណត់តំបន់វិនិច្ឆ័យដីធ្លីនៅភូមិទាំងបី នៃឃុំកំពង់សីលា ស្រុកកំពង់សីលា ហើយនៅមានក្បាលដីរាប់ម៉ឺនទៀត ដែលត្រូវកំណត់ជាតំបន់វិនិច្ឆ័យចុះ បញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅពេលខាងមុខ។

លោកបន្ដថា «យើងនឹងបន្តខិតខំការវាស់វែងបន្ថែមទៀត ស្នើសុំបងប្អូនចូលរួមសហការត្រៀមឯកសារអត្តសញ្ញាណប័ណ្ណ និងបោះបង្គោលព្រំដីឲ្យបានត្រឹមត្រូវ ដើម្បីឲ្យមន្ត្រីចុះបំពេញការងារបានលឿនឆាប់រហ័ស។ យើងនឹងបន្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធនៅឃុំស្ទឹងឆាយ និងឃុំចំការហ្លួង ស្រុកកំពង់សិលាបន្តទៀត។ ទាក់ទងនិងការចុះបញ្ជី ដីធ្លីយើងត្រូវជំនះឧបសគ្គយ៉ាងច្រើន ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋក្នុងស្រុកកំពង់សីលារបស់យើង»

ក្នុងឱកាសនោះ លោកអភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា និងគ្រប់ដូស ព្រោះវ៉ាក់សាំងមានសុពលភាពតែ៦ខែ ដើម្បីខ្លួនយើងក្រុមគ្រួសារ និងសង្គមជាតិ៕