(ស្វាយរៀង)៖ យ៉ាងហោចណាស់គោអ្នកស្រុកចំនួន៥ក្បាល ត្រូវបានរថយន្តបុកងាប់រណូករណែលតាមផ្លូវជាតិលេខ៣១៤D បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចចុះមកជួយសម្រួលចរាចរណ៍ និងស្វែងរកម្ចាស់គោ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង ២១និង៤៥ នាទីយប់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៣១៤D នៅត្រង់ចំណុច មុខផ្សារកំពង់រោទិ៍ ស្ថិតនៅក្នុងភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរពីទិសខាងត្បូងទៅទិសខាងជើងបោះពួយយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានបុករះជាមួយគោចំនួន០៧ក្បាល ដែលដេកនៅលើផ្លូវជាតិ ហើយបណ្ដាលឱ្យសត្វគោចំនួន០៥ក្បាល បានងាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ប្រភពបានបន្ថែមទៀថា ក្នុងចំណោមសត្វគោទាំង ៥ ក្បាលដែលបានងាប់នោះ គោ៤ក្បាលជារបស់ឈ្មោះ ឆេន សុវណ្ណី ភេទស្រី អាយុ៤៨ឆ្នាំ និង១ក្បាលទៀតជារបស់ឈ្មោះ ភោគ វល័ក្ខ ភេទស្រី អាយុ៤៥ឆ្នាំ អ្នកទាំងពីរមានទីលំនៅ ភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ក្រោយពីបង្កហេតុរួចមក អ្នកបើកបររថយន្តបន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោល៕