(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាមដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្ត នៅព្រឹកថ្ងៃទី៣០ ខែឧសភាឆ្នាំ ២០២២នេះ បានរៀបចំពិធីអភិសេក រូបសំណាកព្រះឥន្រ្ទគង់លើដំរីឯរាវ័ណ ជាផ្លូវការហើយ មានទីតាំងនៅសួនច្បារមាត់ទន្លេ មុខសណ្ឋាគារមេគង្គ ក្នុងក្រុងកំពង់ចាម។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានឲ្យដឹងថា គោលបំណងនៃការសាងសង់រូបសំណាកព្រះឥន្រ្ទគង់លើដំរីឯរាវ័ណនេះឡើង រួមមាន៖

*ទី១៖ ចូលរួមថែរក្សានៅសម្បត្តិវប្បធម៌ជាតិ
*ទី២៖ ជាការឧទ្ទិសគោរពដឹងគុណដល់សុខសន្តិភាព ដែលយើងកំពុងទទួលបានទាំងអស់គ្នា ដោយការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
*ទី៣៖ ជាការលើកកម្ពស់សោភ័ណភាព ក្នុងក្រុងកំពង់ចាម ឲ្យកាន់តែស្រស់ស្អាត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្ត និងសម្រាប់ការចូលរួមប្រឡងប្រណាំងទីក្រុងស្អាតនាពេលខាងមុខផងដែរ។

លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា បើគិតតាមបុរាណវិជ្ជា ដំរីឯរាវ័ណ ដើមឡើយនៅក្នុងប្រាសាទអង្គរវត្ត លុះពេលមានសង្គ្រាម ប្រាសាទអង្គរវត្ត ត្រូវបានវាយបែកដោយសារក្រុងអាយុទ្យា រីឯដំរីត្រូវបានយកទុកនៅក្រុងអាយុទ្យា។ លុះបន្ទាប់មក ក្រុងអាយុទ្យាធ្វើសង្រ្គាមចាញ់ប្រទេសភូមា ដំរីឯរាវ័ណ ក៏ត្រូវបានយកទៅតំកល់ទុកនៅប្រទេសភូមារហូតមកដល់បច្ចុប្បន្ន។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ទៀតថា ដំរីឯរាវ័ណ នៅឯប្រទេសភូមាធ្វើអំពីស្ពាន់ទេ ប៉ុន្តែអ្នកសិក្សាបុរាណវិទ្យារបស់យើងបានចម្លងយកមកចម្លាក់នៅខេត្កកំពង់ចាមជាថ្មពួក ដែលកាត់យកមកពីភ្នំត្បែង នៅខេត្តព្រះវិហារ ដែលមានទម្ងន់ប្រមាណជា ៦០ តោន។ លុះនៅពេលឆ្លាក់រួចរាល់ជាស្ថាពរ នៅសល់ទម្ងន់ ២៣ តោនប៉ុណ្ណោះ ហើយបានយកមកតម្កល់នៅទីតាំងមាត់ទន្លេ ក្នុងក្រុងកំពង់ចាមនេះ សម្រាប់ជាទីសក្ការៈ ដល់បងប្អូនប្រជាពលរដ្ឋយើង ដើម្បីរំលឹកដល់គុណសុខសន្តិភាព ក៏ដូចជាការដឹងគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព ការសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ រស់នៅប្រកបដោយសុភមង្គលសុខដុមរមនា និងការអភិវឌ្ឍលើគ្រប់វិស័យបន្ថែមទៀតនាពេលអនាគត៕