(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ គឺដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងធ្វើឲ្យមានសុខដុមនីយកម្មសង្គម រួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិ។

ការថ្លែងបែបនេះរបស់ឧបនាយករដ្ឋមន្ដ្រី កែ កឹមយ៉ាន ក្នុងឱកាសដឹកនាំក្រុមការងារចូលជាអធិបតីសម្ពោធគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយ អិល ភី សាខាស្រុកថ្មពួក និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

ថ្លែងក្នុងនាមប្រធានក្រុមការងារ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំ និងថ្លែងនូវការគោរពដឹងគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានដឹកនាំកម្ពុជា ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យ រក្សាភាពធនសេដ្ឋកិច្ចទោះបីក្នុងស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយផលប៉ះពាល់អវិជ្ជមាន មកលើវិស័យសេដ្ឋកិច្ច សង្គមកិច្ចមិនធ្ងន់ធ្ងរប្រៀបធៀប នឹងប្រទេសផ្សេងៗទៀតក្នុងតំបន់ និងសកលលោក។

លោក កែ សួនសុភា អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយ.អិល.ភី ម.ក.បានគោរពស្វាគមន៍ និងធ្វើរបាយការណ៍ពីវឌ្ឍនភាពប្រតិបត្តិការងារបម្រើសេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋពិសេសការរីកចម្រើនជីវភាពគ្រួសារប្រជាពលរដ្ឋ ដែលបានប្រើប្រាស់សេវាកំចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយ.អិល.ភី.ម.ក និងការចូលរួមផ្សព្វផ្សាយការងារជួយសង្គមពិសេសបញ្ហាគ្រឿងញៀន បញ្ហាជំងឺកូវីដ-១៩ និងបញ្ហាចរាចរណ៍។ល។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្ថែមទៀតថា បេសកកម្មសំខាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវ៉ាយ អិល ភី ម.ក គឺចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនបង្កើតការងារជូន ប្រជាជនកាន់តែច្រើន កាត់បន្ថយភាពក្រីក្រគម្លាតរវាងអ្នកមាន-អ្នកក្រ និងរវាងអ្នកទីក្រុង-ជនបទ ព្រមទាំងបន្តអភិវឌ្ឍមូលដ្ឋានខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានមានផ្តាំផ្ញេីដល់គណគ្រប់គ្រងគ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុ វ៉ាយ អិល ភី ម.ក រក្សាសាមគ្គី គោរពវិន័យ ទទួលខុសត្រូវ និងការផ្តល់សេវាកម្មប្រកបដោយគុណភាព តម្លាភាព «វ៉ាយ.អិល.ភី ចាប់ផ្តើមជាមួយលោកអ្នក និងដើម្បីលោកអ្នក»

ពិសេសជួយសម្រួលដល់កសិករដែលខ្វះទុន សហការល្អជាមួយអាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀននៅតាមសហគមន៍ និងបន្តចូលរួមថែរក្សា និងការពារសន្តិភាព និងអ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា៕