(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ បានអំពាវនាវដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៣៧ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានស្នើដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន ដែលជ្រើសរើសភ្នាក់ងារសន្ដិសុខឯកជន ជួយសម្រួលដល់ភ្នាក់ងារសន្ដិសុខឯកជន នូវកិច្ចការចំនួនដូចខាងក្រោម៖

*ទី១៖ ត្រូវផ្ដល់អត្តសញ្ញាណប័ណ្ណដល់ភ្នាក់ងារសន្ដិសុខឯកជន (ដែលក្រុមហ៊ុនបានរក្សាទុក)
*ទី២៖ ត្រូវជួយសម្រួលដល់ពេលវេលាឈប់សម្រាក ដល់ភ្នាក់ងារសន្ដិសុខឯកជន ក្នុងថ្ងៃបោះឆ្នោត
*ទី៣៖ ត្រូវណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជន ដែលបាត់អត្តសញ្ញាណប័ណ្ណ ឬឯកសារបម្រើឲ្យការបោះឆ្នោត ត្រូវទៅបំពេញបែបបទឯកសារឲ្យបានគ្រប់គ្រាន់
*ទី៤៖ ត្រូវជំរុញឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រាប់ទៅកាន់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ថា ថ្ងៃនេះឱកាសដ៏សំខាន់ក្នុងការបន្ដបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន ឲ្យមានសមត្ថភាពពេញលេញ ដើម្បីចូលរួមកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព តាមបណ្ដាគោលដៅ ក៏ដូចជាសង្គមជាតិទាំងមូល។

ប្រធាននាយកដ្ឋានរូបនេះបានបន្ដថា វិស័យសន្ដិសុខឯកជនពិតជាមានសារៈសំខាន់ដែលមិនអាចកាត់ផ្ដាច់បាន វិស័យសន្ដិសុខឯកជន ត្រូវមានគុណភាព និងគុណប្រយោជន៍ខ្ពស់ សម្រាប់កិច្ចការពារថែរក្សាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដូច្នេះភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ការយល់ដឹង និងមានវិជ្ជាជីវៈច្បាស់លាស់ ដែលជាភ្នាក់ងារសន្ដិសុខឯកជន ពោពេញទៅសមត្ថភាពពេញលេញ។

ហេតុដូច្នេះហើយ ទើបអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ជាសេនាធិការ ធ្វើការរៀបចំវគ្គបំប៉នជំនាញនេះឡើង ក្នុងគោលបំណងស្វែងយល់អំពីភារកិច្ច និងកាតព្វកិច្ចរបស់វិស័យសន្ដិសុខឯកជន លើការងារថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងពង្រឹងសមត្ថភាពភ្នាក់ងារសន្ដិសុខឯកជន ឲ្យកាន់តែល្អប្រសើរឡើង សំដៅធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារសន្ដិសុខសង្គម។

បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី រហូតមកដល់ពេលនេះ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន ចំនួន៣៧លើក ហើយក្នុងនោះភ្នាក់ងារសន្ដិសុខឯកជន ប្រមាណ៦,០០០នាក់ដែលទទួលបានការបណ្ដុះបណ្ដាលនេះ៕