(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការប្រគល់ភារកិច្ចជូនស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំពិធីរំលឹកខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធ។

សូមជម្រាបថា ពិធីរំលឹកខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) នឹងត្រូវធ្វើនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

តំបន់កោះថ្ម ចំណុចអាងដាច់ X16 គឺជាចំណុចនៃការចាប់ផ្ដើមដំណើរតស៊ូរំដោះជាតិ របស់សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)។

ដោយឡែក «ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» គឺត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរ ការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឲ្យកូនចៅ ជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះ៕