(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹង ស្តីពី នីតិវិធីស្នើសុំ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតសេវាបញ្ញើឆាប់រហ័ស។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ។

សេចក្ដីជូនដំណឹងបានឲ្យដឹងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ដំណើរការនីតិវិធីស្នើសុំអាជ្ញាបណ្ណ ឬស្នើសុំបន្តសុពលភាពរបស់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត តាមប្រព័ន្ធអនឡាញ សម្រាប់ក្រុមហ៊ុន និងសាខាក្រុមហ៊ុនបញ្ញើឆាប់រហ័ស ដែលមានទីតាំងនៅរាជធានីភ្នំពេញ ដោយអ្នកស្នើសុំ អាចចូលទៅគេហទំព័រ service.mptc.gov.kh បន្ទាប់មកប្រើប្រាស់តាម CamdigiKey នៃថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDx ដើម្បីទាញយកឯកសារ ឬបញ្ចូលព័ត៌មានដោយផ្ទាល់។

ដោយឡែក សម្រាប់សាខាបម្រើសេវាបញ្ញើឆាប់រហ័ស ដែលមានទីតាំងនៅតាមបណ្តាខេត្ត សូមធ្វើការស្នើសុំលិខិតអនុញ្ញាតសម្រាប់សាខា នៅតាមមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍។ តម្លៃអាជ្ញាបណ្ណសម្រាប់ក្រុមហ៊ុន ដែលមានសុពលភាព១ឆ្នាំ គឺ ៤ ២០០ ០០០រៀល និងតម្លៃលិខិតអនុញ្ញាតសម្រាប់សាខា ដែលមានសុពលភាព១ឆ្នាំ គឺ ១ ៣០០ ០០០រៀល។ ចំពោះការដាក់ពាក្យស្នើសុំថ្មី គឺបង់ប្រាក់ថ្លៃពិនិត្យពាក្យស្នើសុំចំនួន ២០ ០០០រៀល៕