(ព្រះសីហនុ)៖ នៅថ្ងៃអាទិត្យទី២៩ ខែឧសភា ឆ្នាំ២០២២ លោក គួច ចំរើន សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយសកម្មជនគណបក្សប្រជាជនកម្ពុជា ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សរុបចំនួន៧០១នាក់។

ក្នុងជំនួបសំណេះសំណាលនោះ លោក គួច ចំរើន បានណែនាំឱ្យសកម្មជន និងយុវជនបក្សចុះទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីសួរសុខទុក្ខ ក៏ដូចជាការឲ្យពួកគាត់ត្រៀមឯកសារពាក់ព័ន្ធនានាដើម្បីចូលរួមបោះឆ្នោត នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

លោកប្រធានគណបក្សខេត្ត បានយកឱកាសនោះ ថ្លែងអំណរគុណដល់សមាជិកសមាជិកាគ្រប់រូប ដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា និងបានគាំទ្រ ក៏ដូចជាបានអញ្ជើញទៅចូលរួមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជារហូតមក។

ទន្ទឹមនឹងនោះដែរលោក គួច ចំរើន ក៏បានលើកឡើងអំពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរ លើគ្រប់វិស័យគួរជាទីមោទនៈ ដូច្នេះយើងគ្រប់គ្នាត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្សនូវសុខសន្តិភាព ដែលរកបានដោយលំបាក ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះ លោកបានស្នើឲ្យបេក្ខជនក្រុមប្រឹក្សាក្នុងឃុំសង្កាត់ទាំងអស់ខិតខំបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែសកម្ម និងល្អប្រសើរថែមទៀតសម្រាប់ភាពសុខសាន្ត និងភាពរីកចម្រើនក្នុងមូលដ្ឋានរបស់ខ្លួន។ លោកបានស្នើឲ្យសកម្មជនបក្សទំាងអស់ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន និងសម្បូររុងរឿងបន្ថែមទៀត៕